ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១០នាក់ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រកាសពីដំណាក់កាលដំបូងនៃប្រតិបត្តិការកាន់តែខ្លាំងឡើង ក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស។

ការបង្កើនយុទ្ធនានេះ បានកើតឡើង នៅពេលដែលស្ថានភាពមនុស្សធម៌នៅក្នុងទឹកដី ដែលត្រូវបានឡោមព័ទ្ធ បន្តកាន់តែអាក្រក់ឡើងៗ ដោយមន្ទីរពេទ្យដែលដំណើរការចុងក្រោយរបស់ខ្លួន បានព្រមានថា ខ្លួនមិនអាចព្យាបាលអ្នករបួសធ្ងន់ធ្ងរបានទៀតទេ ដោយសារកង្វះការផ្គត់ផ្គង់ និងការវាយប្រហារនៅក្បែរនោះ ដែលបានធ្វើឲ្យខូចខាតដល់មន្ទីរពេទ្យនេះ។
អ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិល លោក Mahmud Bassal បានប្រាប់សារព័ត៌មាន AFP ថា សាកសពចំនួន ១០នាក់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យហ្កាហ្សា បន្ទាប់ពីការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍នេះ។
លោកបាននិយាយថា មនុស្ស ៣នាក់ បានស្លាប់ និង ៤នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូន នៅភាគខាងកើតនៃទីក្រុង Khan Yunis ភាគខាងត្បូង ខណៈដែលមនុស្ស ៣នាក់ផ្សេងទៀតបានស្លាប់ និងជាច្រើននាក់ទៀត រងរបួស នៅក្នុងការទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នង នៅក្នុងទីក្រុង Jabalia ភាគខាងជើង។
