ប្រព័ន្ធអាកាសធាតុធ្ងន់ធ្ងរបង្កជាព្យុះកួចនៅតំបន់ Midwest និងតំបន់ Ohio River Valley របស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោច ២៥នាក់ នៅរដ្ឋ Kentucky និងរដ្ឋ Missouri ហើយនិងបណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក និយាយថា ព្យុះផ្គររន្ទះ បានកើតមាននៅតំបន់ភាគកណ្តាលសហរដ្ឋអាមេរិក ក្នុងរដ្ឋ Mississippi, Tennessee និងតំបន់ Ohio Valleys ហើយព្យុះកួចចំនួន ៦ បានវាយប្រហាររដ្ឋ Missouri និងរដ្ឋ Illinois ។

អភិបាលរដ្ឋ Kentucky លោក Andy Beshear និយាយថា មនុស្សយ៉ាងហោច ១៨នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋរបស់លោក ក្នុងនោះមនុស្ស ៩នាក់ បានស្លាប់នៅក្នុងស្រុក Laurel ដែលមានចម្ងាយប្រហែល ២៤០គ.ម ភាគខាងត្បូងទីក្រុង Louisville ពេលដែលព្យុះកួចវាយប្រហារកាលពីយប់ពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ។
សូមបញ្ជាក់ថា ព្យុះកួចនិទាឃរដូវ កាន់តែកាចសាហាវខ្លាំងក្នុងឆ្នាំនេះនៅសហរដ្ឋអាមេរិក ហើយវាបានកើតមានឡើង រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយកើតមានប្រព័ន្ធព្យុះសម្លាប់មនុស្សស្រដៀងគ្នានៅទូទាំងតំបន់ ៕
