ភ្នំពេញ៖ ឆ្ពោះទៅកាន់ការចាប់ផ្តើមប្រឡងប្រជែងនាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៨ ខែឧសភានេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីត្រួតពិនិត្យការតាក់តែងវិញ្ញាសា និងការជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែង។

វិញ្ញាសាសម្រាប់ការប្រឡងប្រជែងនារសៀលនេះ រួមមាន៖ ១.វិញ្ញាសាសាពហុចម្លើយ៖ភាសាបរទេស (អង់គ្លេស ឬបារាំង) និង ២.វិញ្ញាសាពហុចម្លើយ លើចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស។

គួររម្លឹកថា រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែង តែងត្រូវបានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។ ការតាក់តែងវិញ្ញាសា ត្រូវធ្វើឡើងដោយ សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ ហើយត្រូវស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី១) កំពុងដំណើរការ។ ក្នុងឱកាសនោះ បេក្ខជនកំពុងត្រៀមខ្លួនចូលរួមប្រឡងប្រជែង បានអានសេចក្តីណែនាំដូចមានភ្ជាប់ជូន ដើម្បីធានាដល់ដំណើរការនៃការប្រឡងប្រជែងប្រព្រឹត្តទៅស្របតាមនិយាមនីតិវិធីប្រតិបត្តិនៃការការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល ប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕




