បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal បានសំរេចដកងារប្រធានក្រុមរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ហើយ បន្ទាប់ពីកីឡាករហ្កាបុងរូបនេះមិនគោរពវិន័យ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះមិនមានវត្តមានឡើយនៅពេល Arsenal យកឈ្នះ Southampton ៣-០ កាលពីថ្ងៃសៅរ៍ ហើយក៏នឹងមិនមានឈ្មោះទៀតដែរនៅពេល Arsenal ជួប West Ham យប់ថ្ងៃពុធនេះ។
Arsenal បានឱ្យដឹងក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ពួកយើងគោរពដល់កីឡាករទាំងអស់ ជាពិសេសប្រធានក្រុមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការងារដឹកនាំ និងជាគំរូ។ Aubameyang ក៏ធ្លាប់ត្រូវបានក្លិបអនុវត្តវិធានការបែបនេះម្តងរួចមកហើយកាលពីខែមិនា ក្នុងហេតុផលដូចគ្នានេះ។ កីឡាករវ័យ ៣២ឆ្នាំដែលផ្ទេរមកកាន់ Arsenal ក្នុងតម្លៃ ៥៦លានផោនកាលពីឆ្នាំ២០១៨ កីឡាកររូបនេះទើបតែបានចុះកិច្ចសន្យាថ្មីកាលពីឆ្នាំមុន។ រដូវកាលនេះ Aubameyang រកបាន ៤គ្រាប់ប៉ុណ្ណោះក្នុង ១៤ប្រកួត និងអាក់ខានរកគ្រាប់បាល់មិនបានតាំងពីថ្ងៃទី២២ ខែតុលា។ Arsenal កំពុងឈរលេខ ៦ ក្នុងតារាង ១២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City៕
អត្ថបទ៖នាង សុភាវុធ