ថ្លែងនៅក្រៅកិច្ចប្រជុំកំពូលក្រុមសម្ព័ន្ធអារ៉ាប់លើកលើកទី ៣៤កាលពីថ្ងៃសៅរ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។
លោក Guterres បានលើកឡើងផងដែរពីបញ្ហាជាច្រើននៅតំបន់មជ្ឈិមបូព៌ា រួមទាំងបញ្ហានៅប្រទេសលីបង់ និងប្រទេសស៊ីរី ។
ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ហ្កាហ្សា លោក Guterres បានអំពាវនាវឲ្យមានដំណោះស្រាយ រដ្ឋ ២ ដោយលោកបញ្ជាក់ថា វាមិនមែនជាចក្ខុវិស័យនោះទេ តែវាគឺជាភាពចាំបាច់ ។
លោកថា គោលនយោបាយឡោមព័ទ្ធ និងបង្អត់អាហារ បានបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ។ ការបិទច្រកប្រឆាំងមនុស្សធម៌ ត្រូវតែបញ្ចប់ជាបន្ទាន់ ហើយលោកសូមនិយាយម្តងទៀតថា គ្មានអ្វីត្រឹមត្រូវនោះទេចំពោះការវាយប្រហារភេរវកម្មដ៏ឃោឃៅរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ប៉ុន្តែវាក៏មិនត្រឹមត្រូវនោះដែរចំពោះការដាក់ទោសសមូហភាពលើជនប៉ាឡេស្ទីនបែបនេះ ។
សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់រយៈពេល ៦សប្តាហ៍ អ៊ីស្រាអែល បានបិទច្រកឡើងវិញលើតំបន់ហ្កាហ្សា ហើយនិងចាប់ផ្តើមយុទ្ធនាការសឹករបស់ពួកគេកាលពីខែមីនាកន្លងទៅ ។ ពួកគេបានដាក់ការស្តីបន្ទោសដល់ក្រុមហាម៉ាសចំពោះការធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល សម្រាប់ប្រតិបត្តការនៅក្នុងចំណោមពួកគេ ដែលក្រុមហាម៉ាស បានច្រានចោលទាំងស្រុង ៕