កាលពីថ្ងៃសៅរ៍ម្សិលមិញ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានចោទប្រកាន់លោក Donald Trump ថាកុហស ពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និយាយអំឡុងដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រក្នុងសប្តាហ៍នេះថា លោកចង់បានសន្តិភាពក្នុងតំបន់ ។
ផ្ទុយទៅវិញ លោក Khamenei និយាយថា សហរដ្ឋអាមេរិកប្រើប្រាស់អំណាចរបស់ខ្លួនផ្តល់គ្រាប់បែក ១០តោនដល់របបហ្សាអឺនអ៊ីស្រាអែល ទម្លាក់លើក្បាលក្មេងៗនៅតំបន់ហ្កាហ្សា ។
គួរឲ្យដឹងថា លោក Trump បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ក្រោយចាកចេញពីប្រទេសអារ៉ាប់រួមកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់ផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កម្មវិធីនុយក្លេអ៊ែរបស់ពួកគេ បើពុំដូច្នោះទេរឿងអាក្រក់នឹងកើតមានឡើង ។
អំឡុងព្រឹត្តការណ៍សាសនានៅទីក្រុងតេអេរ៉ង់ លោក Khameneiនិយាយថា របបហ្សាអឺនដ៏គ្រោះថ្នាក់ដែលជាដុំមហារីកស្លាប់នៅក្នុងតំបន់ ត្រូវតែដកចេញទាំងឫកឲ្យអស់ ។
ដោយឡែកនៅព្រឹកថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និយាយថា លោក Trumpនិយាយពីសន្តិភាព ខណៈទន្ទឹមគ្នានោះលោកបានធ្វើការគំរាមកំហែង ។
ស្របពេលដែលលោក Trumpនិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់មាននូវសំណើរបស់សហរដ្ឋអាមេរិកស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ទីក្រុងតេអេរ៉ង់ ពុំទទួលបានសំណើបែបហ្នឹងនោះទេ ។
សូមបញ្ជាក់ថា ជុំទី ៤នៃកិច្ចប្រជុំនុយក្លេអ៊ែរអ៊ីរ៉ង់-សហរដ្ឋអាមេរិក បានបញ្ចប់ទៅនៅប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយជុំថ្មី ពុំទាន់បានកំណត់នៅឡើយនោះទេ ៕