អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានលើកឡើងកាលពីថ្ងៃសៅរ៍ (១៧ ឧសភា) ថា អឺរ៉ុបកំពុងស្ថិតលើផ្លូវដ៏វែងឆ្ងាយ និងមិនប្រញាប់នោះទេជុំវិញកិច្ចពិភាក្សាស្ដីពីការដាក់ពង្រាយកងទ័ពនៅអ៊ុយក្រែន ខណៈកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួននាពេលនេះ គឺផ្តោតលើការធានាបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌពីភាគីរុស្ស៊ី។
លោក Merz បាននិយាយថា "ជំហានបន្ទាប់គឺត្រូវតែជាការបញ្ជាក់ឱ្យច្បាស់នៃទម្រង់កិច្ចចរចាសន្តិភាព ក៏ដូចជាការធានាសន្តិសុខមួយណាដែលអាចជាភាពចាំបាច់សម្រាប់អ៊ុយក្រែន" ដោយពណ៌នាបញ្ហាទាំងនេះថា "បច្ចុប្បន្នមិនអាចទាយទុកជាមុនបានទេ"។

លោកបន្ថែមថា "មិនមានហេតុផលអ្វីដើម្បីនិយាយពីការដាក់ពង្រាយកងទ័ពនៅពេលនេះឡើយ អឺរ៉ុបនៅឆ្ងាយពីរឿងនេះណាស់ ហើយការទម្លាក់អាវុធ ការបញ្ចប់ការកាប់សម្លាប់ គឺជាសំណួរដែលបន្ទាន់ឥឡូវនេះ មិនមានអ្វីផ្សេងទៀតទេ"។
បណ្ដាមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងប៉ូឡូញ រួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលនៅប្រទេសអាល់បានី កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាពីស្ថានការណ៍នេះ។ មេដឹកនាំទាំងនោះក៏សន្ទនាតាមទូរសព្ទទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលបាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ៕

