អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃអាទិត្យ (១៨ ឧសភា) នេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបន្តសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០០នាក់ ក្នុងពេលមួយយប់នៅទូទាំងដែនដីហ្កាហ្សាស្រ្ទីប ស្របពេលដែលអ្នកសម្រុះសម្រួលរៀបចំកិច្ចចរចាថ្មីស្ដីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

អ៊ីស្រាអែល បានពង្រីកប្រតិបត្តិការយោធារបស់ខ្លួនលើតំបន់ហ៊ុមព័ទ្ធនេះ និងបានបង្កើនការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ដែលសម្លាប់មនុស្សរាប់រយនាក់ក្នុងពេល ៧២ម៉ោងចុងក្រោយមកនេះ។ ក្រុមគ្រូពេទ្យនិយាយថា ការវាយប្រហារចុងក្រោយបំផុតដែលបានសម្លាប់ស្ត្រី និងកុមារផងដែរនោះ បានធ្វើឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស និងបានដុតបំផ្លាញតង់ជាច្រើនកន្លែង។
ក្រុមហាម៉ាស បានពណ៌នាការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលថាជា "ឧក្រិដ្ឋកម្មឃោរឃៅថ្មី" ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអាទិត្យ ហើយបានស្តីបន្ទោសរដ្ឋបាលសហរដ្ឋអាមេរិក ចំពោះជម្លោះដែលចេះតែការកើនឡើងនេះ។ យោធាអ៊ីស្រាអែល មិនបានអត្ថាធិប្បាយភ្លាមៗពីការវាយប្រហារចុងក្រោយនេះទេ ប៉ុន្តែខ្លួនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មុនថា យោធាកំពុងវាយប្រហារយ៉ាងទូលំទូលាយនៅតំបន់ហ្កាហ្សា ជាផ្នែកនៃផែនការរបស់ខ្លួនដើម្បីឈានដល់គោលដៅសង្គ្រាម។
ជាមួយគ្នានេះ ក្រុមមន្ត្រីនិយាយថា ក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា គាំទ្រដោយអាមេរិក បានចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ដោយប្រយោលថ្មីមួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍។ ប្រភពជិតស្និទ្ធនឹងការចរចាបានប្រាប់សារព័ត៌មានរ៉យទ័រថា មិនមានវឌ្ឍនភាពណាមួយត្រូវបានរាយការណ៍ក្នុងកិច្ចពិភាក្សានៅរដ្ឋធានីដូហានៃប្រទេសកាតានោះទេ ខណៈភាគីនីមួយៗនៅតែប្តេជ្ញាចិត្តយ៉ាងរឹងរូសចំពោះជំហររបស់ខ្លួន៕


