វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងជួបជាមួយលោក Volodymyr Zelenskiy របស់អ៊ុយក្រែន ប៉ុន្តែលុះត្រាតែមានកិច្ចព្រមព្រៀងជាក់លាក់ត្រូវបានសម្រេច។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មិនបានបញ្ជាក់ថាតើកិច្ចព្រមព្រៀងអ្វីខ្លះនឹងត្រូវបានទាមទារតាមទស្សនៈរបស់រុស្ស៊ីនោះទេ។ គួរឱ្យដឹងថា លោក Putin និងលោក Zelenskiy មិនបានជួបគ្នាដោយផ្ទាល់ទេតាំងតែពីខែធ្នូ ឆ្នាំ២០១៩ មក។
លោក Zelenskiy បានរុញឱ្យមេដឹកនាំវិមានក្រឹមឡាំងរូបនេះទៅជួបលោកនៅប្រទេសទួរគី ក្នុងសប្តាហ៍នេះ ប៉ុន្តែលោក Putin បានអវត្តមាន ហើយបញ្ជូនក្រុមជំនួយការ និងមន្រ្តីទៅជួបអ្នកចរចាអ៊ុយក្រែនជំនួសវិញកាលពីថ្ងៃសុក្រ សម្រាប់កិច្ចចរចាទ្វេភាគីទល់មុខគ្នាលើកដំបូងចាប់ពីខែមីនា ឆ្នាំ២០២២មក។
អ៊ុយក្រែននិយាយថា ខ្លួនបានលើកឡើងពីកិច្ចប្រជុំរវាងលោក Putin និងលោក Zelenskiy ក្នុងកិច្ចពិភាក្សានោះ។ លោក Peskov និយាយថា រុស្ស៊ីចាត់ទុកថា កិច្ចប្រជុំបែបនេះអាចធ្វើទៅបាន ប៉ុន្តែទាល់តែការងាររវាងភាគីទាំងពីរ "សម្រេចបាននូវលទ្ធផលជាក់លាក់ក្នុងទម្រង់នៃកិច្ចព្រមព្រៀង"។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះមិនបញ្ជាក់លម្អិតទេ ដោយគ្រាន់តែបន្ថែមថា "ក្នុងពេលជាមួយគ្នានេះ នៅពេលចុះហត្ថលេខាលើឯកសារដែលគណៈប្រតិភូត្រូវព្រមព្រៀងគ្នានោះ រឿងសំខាន់ និងជាមូលដ្ឋានសម្រាប់រុស្ស៊ីគឺថា តើអ្នកណាដែលនឹងចុះហត្ថលេខាលើឯកសារទាំងនេះពីភាគីអ៊ុយក្រែន"។ គួរបញ្ជាក់ថា លោក Putin ធ្លាប់បានជំទាស់នឹងភាពស្របច្បាប់របស់លោក Zelenskiy ជាប្រធានាធិបតី ដោយសារអាណត្តិជាប់ឆ្នោតរបស់លោកបានផុតកំណត់កាលពីឆ្នាំមុន៕


