អាជ្ញាធរអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃអាទិត្យ (១៨ ឧសភា) នេះថា ការវាយប្រហារយានដ្រូនដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានចាប់ផ្តើមនៅឆ្នាំ២០២២មក បានសម្លាប់ស្ត្រីម្នាក់នៅក្នុងតំបន់គីវ និងមនុស្សជាច្រើននាក់ទៀតរងរបួស ខណៈទីក្រុងមូស្គូ បានបង្កើនការវាយប្រហារ បន្ទាប់ពីកិច្ចចរចាសន្តិភាពកាលពីថ្ងៃសុក្រ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ី បានបាញ់បង្ហោះយានដ្រូនចំនួន ២៧៣គ្រឿង នៅម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក) ដោយផ្តោតសំខាន់ទៅលើតំបន់រដ្ឋធានីគីវ ភាគកណ្តាល ហើយនិងតំបន់ Dnipropetrovsk និង Donetsk នៅភាគខាងកើតរបស់ប្រទេស។

ផ្អែកលើទិន្នន័យដែលផ្តល់ដោយកងទ័ពអាកាស នេះគឺជាការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅក្នុងសង្រ្គាមជាច្រើនឆ្នាំមកនេះ។ នៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំនេះ ទីក្រុងមូស្គូ បានបាញ់បង្ហោះយានដ្រូនចំនួន ២៦៧គ្រឿងលើអ៊ុយក្រែន។
ការវាយប្រហារដ៏ខ្លាំងក្លានេះកើតឡើងបន្ទាប់ពីកិច្ចចរចាដោយផ្ទាល់លើកដំបូងក្នុងពេល ៣ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្តោះអាសន្ន ដូចដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានជំរុញរហូតមក។ ទោះយ៉ាងនេះក្ដី កិច្ចពិភាក្សារយៈពេល ១០០នាទីនៅទីក្រុងអ៊ីស្តង់ប៊ុលនោះ បានផ្តល់កិច្ចព្រមព្រៀងមួយដើម្បីដោះដូរឈ្លើយសឹកចំនួន ១.០០០នាក់ សម្រាប់ភាគីជម្លោះទាំងសងខាង៕


