នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អមដោយមន្រ្តីស្ថានទូត បានចូលកម្មវិធីបុណ្យវប្បធម៌ពិភពលោកក្រុងហ្វាសង់លើកទី១៨ ដែលរៀបចំដោយសាលាក្រុងហ្វាសង់ និង មជ្ឈមណ្ឌលផ្តល់សេវាសម្រាប់សហគមន៍អន្តោប្រវេសន៍ក្រុងហ្វាសង់។

ពិធីបុណ្យនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ឆុង ហ្គូវ៉ុន អភិបាលរងក្រុងហ្វាសង់ និងមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូតប្រចាំសាធារណរដ្ឋកូរ៉េមួយចំនួន ព្រមទាំងបងប្អូនសហគមន៍ខ្មែរ និងសហគមន៍បរទេសនៅក្រុងហ្វាសង់ប្រមាណជា ៥ ០០០នាក់ ។
ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូតបានថ្លែងសុន្ទរកថាអបអរសាទរ និងបានលើកឡើងពីសារៈសំខាន់ នៃកម្មវិធីជួបជុំនាថ្ងៃនេះ និងបានស្នើឱ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះការជំរុញគោលនយោបាយ ដែលគាំទ្រការធ្វើចំណាកស្រុកប្រកបដោយមនុស្សធម៌ និងការផ្តល់ឱកាសស្មើគ្នា ។
ជាមួយគ្នានោះដែរ លោកជំទាវបានចាត់ទុកព្រឹត្តិការណ៍បែបនេះ ជាព្រឹត្តិការណ៍ដែលបើកចំហឱ្យមានការសន្ទនាផ្នែកគោលនយោបាយកាន់តែប្រសើរជាងមុន និងជាការបង្កើតមិត្តភាព ដែលអាចកំណត់អនាគតនៃការអភិវឌ្ឍន៍សហគមន៍ និងការងារដល់ប្រជាពលរដ្ឋពីបណ្តាប្រទេសនានានៅក្នុងសាធារណរដ្ឋកូរ៉េ ។
សូមបញ្ជាក់ថា កម្មវិធីនេះមានប្រទេសចំនួន១៤ ចូលរួមបង្ហាញវប្បធម៍រៀងៗខ្លួន ហើយក្នុងឱកាសនោះ សហគមន៍ខ្មែរក៏បានចូលរួមផ្សព្វផ្សាយវប្បធម៌ តាមរយៈការសម្តែងរបាំក្រមាផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ