ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានលើកឡើងកាលពីថ្ងៃអាទិត្យ (១៨ ឧសភា) ថា កិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែរួមបញ្ជូលការយល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងការអត្ថាធិប្បាយមួយដែលទាក់ទាញការរិះគន់ខ្លាំងៗពីទីក្រុងតេអេរ៉ង់។
ខណៈដែលលោក Witkoff កំពុងរំលឹកឡើងវិញនូវគោលជំហររបស់លោកប្រធានាធិបតីអាមេរិក Donald Trump ពីការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ការឆ្លើយតបដ៏រឹងរូសរបស់អ៊ីរ៉ង់គឺជាភស្តុតាងដ៏ច្បាស់ ដែលថាភាគីទាំងពីរប្រឈមផ្លូវដ៏វែងឆ្ងាយដើម្បីឈានទៅកិច្ចព្រមព្រៀងមួយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក Witkoff បាននិយាយក្នុងបទសម្ភាសមួយរបស់ទូរទស្សន៍ ABC ថា "អាមេរិកមានបន្ទាត់ក្រហមមួយច្បាស់លាស់នោះគឺជាការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ហើយទីក្រុងវ៉ាស៊ីនតោន មិនអាចអនុញ្ញាតឱ្យមានសូម្បីតែ ១% នៃសមត្ថភាពសម្រាញ់នេះ"។
ទីក្រុងតេអេរ៉ង់ ឆ្លើយតបយ៉ាងរហ័ស ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi កាលពីថ្ងៃអាទិត្យថា "ការរំពឹងទុកមិនប្រាកដប្រជាអាចនឹងបញ្ឈប់កិច្ចចរចា ប៉ុន្តែការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅអ៊ីរ៉ង់ មិនមែនជារឿងដែលអាចបញ្ឈប់បានទេ"៕