រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថាបច្ចុប្បន្ននេះ ការអត់ធ្មត់គឺចាំបាច់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែពួកលោកគ្មានពេលវេលាខ្ជះខ្ជាយទេ ដោយលោកព្រមានទីក្រុងមូស្គូថាកុំឱ្យផ្តល់សំណើបទឈប់បាញ់មិនច្បាស់លាស់។

លោក Rubio បាននិយាយនៅលើកម្មវិធី "Face the Nation" របស់ទូរទស្សន៍៍ CBS ដោយលើកជាសំនួរថា តើពួកគេកំពុងតាមពួកលោកឬអត់? នោះគឺជាអ្វីដែលពួកលោកកំពុងព្យាយាមស្វែងរក។

លោក Rubio បាននិយាយបន្ទាប់ពីគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅប្រទេសទួរគីកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ពួកគេបានយល់ព្រមថាពួកគេនឹងផ្លាស់ប្តូរឯកសារលើគំនិតដែលឈានដល់បទឈប់បាញ់។ ប្រសិនបើឯកសារទាំងនោះមានគំនិតអំពីពួកគេថា ប្រាកដនិយម និងសមហេតុផល នោះលោកគិតថានឹងមានវឌ្ឍនភាពហើយ។

លោក Rubio បានបន្ថែមថា មានធាតុផ្សំមួយចំនួននៃការអត់ធ្មត់ដែលត្រូវបានទាមទារ។ ម្យ៉ាងវិញទៀត ពួកលោកពុំមានពេលវេលាខ្ជះខ្ជាយទេ ដូច្នេះពួកលោកមិនចង់ចូលរួមក្នុងដំណើរការនៃកិច្ចពិភាក្សាដែលគ្មានទីបញ្ចប់នោះទេ។
លោកបានសម្តែងសុទិដ្ឋិនិយមថា ផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការនិយាយដោយផ្ទាល់តាមទូរស័ព្ទនៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin អាចបំបែកភាពជាប់គាំងបាន៕