សាក្សីបានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានកំណត់គោលដៅលើយុវជនកំពុងតម្រង់ជួរនៅកន្លែងចុះឈ្មោះជ្រើសរើសកងទ័ពនៅមូលដ្ឋានយោធា Damanyo ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី ជាការវាយប្រហារដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធអាល់សាបាប។
មេបញ្ជាការយោធា លោក Suleiman បាននិយាយថា យុវជនជាច្រើននាក់ កំពុងតម្រង់ជួរនៅច្រកទ្វារមូលដ្ឋាន នៅពេលនោះអ្នកវាយប្រហារបានបំផ្ទុះគ្រឿងផ្ទុះរបស់ខ្លួន។ លោកបាននិយាយបន្តថា «ខ្ញុំនៅផ្នែកម្ខាងផ្លូវ ពេលនោះម៉ូតូកង់បីបើកក្នុងល្បឿនលឿនបានឈប់ហើយបុរសម្នាក់បានរត់ទៅកាន់ជួរយុវជន រួចក៏បំផ្ទុះគ្រាប់បែក។ ក្នុងឧបទ្ទវហេតុនេះមនុស្សជាង១០នាក់ស្លាប់ក្នុងនោះមានទាំងអ្នកតម្រង់ជួរចុះឈ្មោះ និងអ្នកធ្វើដំណើរឆ្លងកាត់។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង»។
សាក្សីម្នាក់និយាយថា «ភ្លាមៗក្រោយការបំផ្ទុះដ៏ខ្លាំងបានកើតឡើង តំបន់នេះត្រូវបានគ្របដណ្តប់ដោយផ្សែងក្រាស់ដែលយើងពុំអាចមើលឃើញព័ត៌មានលម្អិតអំពីជនរងគ្រោះ»។ បុគ្គលិកពេទ្យនៅមន្ទីរពេទ្យយោធាបាននិយាយថា ពួកគេបានទទួលអ្នករងរបួសចំនួន៣០នាក់ពីការបំផ្ទុះនេះ ហើយអ្នករបួស៦នាក់បានស្លាប់ភ្លាមៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម al Shabaab បាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារនេះ ហើយខ្លួនបានសម្លាប់ទាហានដល់ទៅជាង៣០នាក់ និងរបួសជាង ៥០នាក់ផ្សេងទៀត។ ក្រុម al Shabaab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានធ្វើការបះបោរនៅក្នុងប្រទេសសូម៉ាលី ចាប់តាំងពីឆ្នាំ២០០៧ ហើយកាលពីពេលថ្មីៗនេះបាននិងកំពុងប្រយុទ្ធជាមួយកងទ័ពដើម្បីពង្រីកការដណ្តើមយកប្រទេសសូម៉ាលីភាគកណ្តាល។