មនុស្សរាប់ពាន់នាក់ បានចេញតវ៉ាប្រឆាំងវិស័យទេសចរណ៍កើនឡើងខ្លាំងនៅកោះ Canary ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យទី១៨ ខែឧសភា ដោយជំរុញឱ្យអាជ្ញាធរកំណត់ចំនួនភ្ញៀវទេសចរដើម្បីការពារប្រជាជនក្នុងតំបន់ពីការកើនឡើងតម្លៃលំនៅឋាន ការកកស្ទះចរាចរណ៍ និងសេវាលើសបន្ទុក។

ការដើរក្បួនតវ៉ាក្រោមផ្ទាំងបដា «ប្រជុំកោះCanaries ត្រូវការ ការកំណត់» ខណៈក្រុមបាតុករបានចេញធ្វើបាតុកម្មនៅគ្រប់កោះធំៗរបស់ប្រជុំកោះ និងនៅតាមទីក្រុងជាច្រើន ក្នុងប្រទេសអេស្ប៉ាញដីគោក។ អ្នកតវ៉ាមួយចំនួនបានស្រែកពីផលប៉ះពាល់នៃវិស័យទេសចរណ៍លើការផ្គត់ផ្គង់ទឹក។

អ្នកសម្របសម្រួលអង្គការ Greenpeace សម្រាប់ប្រជុំកោះ Canary លោកស្រី Marta Flores បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា «យើងមិនប្រឆាំងវិស័យទេសចរណ៍ទេ សូមឱ្យច្បាស់អំពីរឿងនេះ ទេសចរណ៍គឺជាប្រភពនៃប្រាក់ចំណូល ហើយវាជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រជុំកោះ Canary ប៉ុន្តែគំរូបច្ចុប្បន្នគឺការលោភលន់ហួសហេតុនៅពេលនិយាយអំពីបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដែលខ្វះខាតខ្លាំងនៅលើប្រជុំកោះនេះ»។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសច្រើនជាងមួយលាននាក់បានទៅលេងកោះ Canary ជារៀងរាល់ខែ ដោយប្រៀបធៀបទៅនឹងប្រជាជនក្នុងស្រុកមានចំនួនត្រឹមតែ២,២លាននាក់។ លោក Victor Suarez អ្នកនាំពាក្យនៅប្រជុំកោះ Canary Islands បាននិយាយថា «វាជៀសមិនរួចនោះទេ នៅចំពោះមុខមហន្តរាយសង្គម និងបរិស្ថានបែបនេះ ដែលប្រជាជននឹងគ្មានការខឹងសម្បារនោះ ដោយត្រូវតែស្វែងរកដំណោះស្រាយ និងមធ្យោបាយដើម្បីបង្ហាញពីកំហឹងរបស់ពួកគេ ខណៈមានការដួលរលំបរិស្ថាន និងសង្គម។ ប្រទេសនេះបានមើលឃើញពីការតវ៉ាជាច្រើនប្រឆាំងវិស័យទេសចរណ៍ច្រើនហួសហេតុនៅក្នុងតំបន់គោលដៅវិស្សមកាលដ៏ពេញនិយមផ្សេងៗ រួមមាននៅកោះ Mallorca, Barcelona និងកោះ Malaga ។