កាយសម្ព័ន្ធ៖ ក្រុមកីឡាករ-កីឡាការិនីនៃក្លិបក្រសួងមហាផ្ទៃបានឈ្នះមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ២០២១ បន្ទាប់ពីដំណើរការប្រកួតជិត ១សប្ដាហ៍នៅក្លិបកីឡាកាយសម្ព័ន្ធសាលាលេខ៥ ខេត្តកំពង់ឆ្នាំងដែលទើបបញ្ចប់នៅដើមសប្ដាហ៍នេះ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា ឆ្នាំនេះសហព័ន្ធបានរៀបចំការប្រកួតវិញ្ញាសាអាអេរ៉ូប៊ិច ៥វិញ្ញាសា និងអាទីស្ទីក ៦វិញ្ញាសា។ ជាលទ្ធផលក្លិបក្រសួងមហាផ្ទៃដណ្ដើមបានមេដាយសរុប ៩គ្រឿង (មាស៤ ប្រាក់៣ និងសំរឹទ្ធ២), ខេត្តក្រចេះឈ្នះមេដាយសរុប ១០គ្រឿង (មាស៣ ប្រាក់៥ និងសំរឹទ្ធ២) ខណៈខេត្តកំពង់ឆ្នាំងដែលឈ្នះមេដាយច្រើនជាងគេកាលពីឆ្នាំមុន ដណ្ដើមបានមេដាយសរុប ១០គ្រឿង (មាស៣ ប្រាក់៣ និងសំរឹទ្ធ៤)។ ក្រោយបញ្ចប់ការប្រកួត អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកជម្រើសជាតិដដែលបានធ្វើការវាយតម្លៃខ្ពស់ ចំពោះវិញ្ញាសាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ដែលមានការកើនឡើងបច្ចេកទេសច្រើនគួរឲ្យកត់សម្គាល់ លើកលែងវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទីកដែលជួបការលំបាក ព្រោះខ្វះខាតឧបករណ៍ហ្វឹកហាត់អំឡុងវិបត្តិកូវីដ-១៩។
យ៉ាងណាក្ដីលោករំពឹងថា កីឡាករ-កីឡាការិនីទាំងអស់នឹងបន្ដការខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ទន្ទឹមជាមួយគ្នា លោកក៏បានថ្លែងអំណរគុណប្រធានសហព័ន្ធ ឯកឧត្តមបណ្ឌិត ថោង ខុន ដែលតែងចំណាយពេល និងផ្ដល់លទ្ធភាពជាច្រើនសម្រាប់សហព័ន្ធរៀបចំការប្រកួត ពិសេសការយកចិត្តទុកដាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ចំពោះយុទ្ធសាស្ដ្រចាក់ស្រោចវ៉ាក់សាំងធ្វើឲ្យពលរដ្ឋទទួលបានវ៉ាក់សាំងស្ទើរ ១០០% រហូតឈានដល់ការបើកជើងមេឃរំលែកទុក្ខព្រួយប្រជាជន តាមរយៈការបើកប្រទេសគ្រប់វិស័យឡើងវិញរួមទាំងវិស័យកីឡា ដើម្បីពង្រឹងការអភិវឌ្ឍត្រៀមឆ្ពោះទៅរកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា