ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី បាននិយាយថា ខ្លួនបានបង្កើនកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង Lewotobi Laki-laki ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីបានផ្ទុះឡើងចំនួន ៨ដង កាលពីចុងសប្តាហ៍។
លោក Muhammad Wafid ប្រធានទីភ្នាក់ងារភ្នំភ្លើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ (១៨ ឧសភា) ថា ភ្នំភ្លើង Lewotobi Laki-laki ស្ថិតនៅលើកោះ Flores ភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះបញ្ចេញសំណុំផេះកម្ពស់ចន្លោះពី ៣គីឡូម៉ែត្រ ដល់ ៥,៥គីឡូម៉ែត្រ នៅថ្ងៃអាទិត្យ។
លោកបន្តថា "ការវិភាគរបស់ទីភ្នាក់ងារបានបង្ហាញថា សកម្មភាពបន្ទុះនៃភ្នំភ្លើង Lewotobi Laki-laki នៅតែមានកម្រិតខ្ពស់ ដូច្នេះអាជ្ញាធរបានបង្កើនកម្រិតអាសន្ន ចាប់ផ្តើមនៅថ្ងៃអាទិត្យនៅម៉ោងក្នុងស្រុក ០៨:០០យប់ តទៅ"។ នៅព្រឹកថ្ងៃចន្ទនេះ ភ្នំភ្លើងនោះបានផ្ទុះឡើងជាថ្មីម្តងទៀត ដោយបញ្ជូនសំណុំផេះកម្ពស់ ១,២គីឡូម៉ែត្រ ឡើងលើផ្ទៃមេឃ។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា មិនទាន់មានការជម្លៀសអ្នកស្រុក ឬការលុបចោលជើងហោះហើរ ដោយសារតែការផ្ទុះនោះទេមកទល់ពេលនេះទេ។ គួរឱ្យដឹងថា ឥណ្ឌូនេស៊ីស្ថិតនៅលើតំបន់ "កងភ្លើងប៉ាស៊ីហ្វិក" ដែលជាទីតាំងនៃសកម្មភាពរញ្ជួយដីខ្ពស់ខ្លាំង៕


