យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) បាននិយាយ កាលពីថ្ងៃអាទិត្យថា ការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកគឺអាចធ្វើទៅបាន ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់មិនអនុវត្តការបង្ខិតបង្ខំលើទីក្រុងតេអេរ៉ង់។

លោក Pezeshkian បាននិយាយនៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani ដែលកំពុងធ្វើទស្សនកិច្ចនៅក្នុងទីក្រុងតេអេរ៉ង់។

លោក Pezeshkian បាននិយាយនៅពេលពិភាក្សាអំពីការចរចាដោយផ្ទាល់ដែលនៅបន្តរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ថា «ការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកគឺអាចសម្រេចបាន។ ទោះជាយ៉ាងណា ដើម្បីធ្វើឲ្យរឿងនេះកើឡើង ទាមទារឱ្យមានលក្ខខណ្ឌជាមូលដ្ឋានដែលភាគីអាមេរិកបញ្ឈប់វិធីសាស្រ្តនៃការបង្ខិតបង្ខំ» ។
សម្រាប់ភាគី លោក Al Thani បានសម្តែងការគាំទ្ររបស់ប្រទេសកាតាសម្រាប់ប្រទេសអ៊ីរ៉ង់ និងសិទ្ធិរបស់ប្រទេសនេះ ដោយនិយាយថាសម្ពាធ និងការបង្ខិតបង្ខំ បានបង្ហាញថា គ្មានប្រសិទ្ធភាព នៅពេលដោះស្រាយជាមួយប្រទេសអ៊ីរ៉ង់ «ដូចបានបង្ហាញក្នុងបទពិសោធន៍កន្លងមក» ។