ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាគ្មានសិទ្ធិអ្វីទៅអាកាត់លើជម្លោះដែនសមុទ្រចិនខាងត្បូងនោះទេ ហើយសូមភាគីពាក់ព័ន្ធទាំងអស់កុំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តីលើករណីនេះ ខណៈសម្តេចលើកទឹកចិត្ត និងអំពាវនាវចំពោះប្រទេសដែលពាក់ព័ន្ធទាំងអស់ គប្បីរកដំណោះស្រាយគ្នាដោយសន្តិវិធី។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលជំហរបស់កម្ពុជាគឺនៅដដែល ទាក់ទងនឹងសមុទ្រចិនខាងត្បូងនេះ ពោលគឺកម្ពុជា បន្តអំពាវនាវឲ្យអនុវត្តតាមសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង(Doc) អំពាវនាវឲ្យរកដំណោះស្រាយគ្នាដោយសន្តិវិធី និងត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានូវក្រមប្រតិបត្តិនូវក្នុងជន្លោះសមុទ្រចិនខាងត្បូង(Coc)ជាដើមនោះ។
ទាក់ទងនឹងបញ្ហាសមុទ្រខាងត្បូងនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បាន លើកឡើងផងដែរថា ការដែលកម្ពុជាមិនអាចចេញនូវសេចក្តីថ្លែការណ៍បានកាលពីឆ្នាំ២០១២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ដោយដោយសារតែភាគីពាក់ព័ន្ធខ្លះបាន បានបង្ខិតបង្ខំឲ្យកម្ពុជាទទួលស្គាល់កោះនេះ ជាប្រទេសនេះ ឬកោះនោះជារបស់ប្រទេសនោះជាដើម ហើយបែជាចោទប្រកាន់កម្ពុជាថាបានកាន់ជើងចិនទៅវិញ។
សូមបញ្ជាក់ថា ប្រទេសដែលជាប់ពាក់ព័ន្ធនឹងដែនសមុទ្រចិនខាងត្បូង មានចំនួនបួនប្រទេស នៅក្នុងតំបន់អាស៊ាន គឺប្រទេសហ្វីលីពីន ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី និងប្រទេសប្រុណណេជាដើម។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវមានដំ ណោះស្រាយដោយសន្តិវិធី ហើយសម្តេចរំពឹងថា ភាគីពាក់ព័ន្ធទាំងអស់នឹងខិតខំប្រឹងប្រែងចុះហត្ថលេខា ព្រមព្រៀង Coc សម្រេចឲ្យបាននៅក្នុងឆ្នាំ២០២២ខាងមុខនេះ ខណៈដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានប្តូរវេន ហើយបន្ទាប់ពីសម្រេចបានភាគីពាក់ព័ន្ធទាំងអស់ ទាំងអាស៊ាន និងចិនគឺ សប្បាយរួមគ្នាផងដែរ៕
អត្ថបទ៖ បាន ចក់


