បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី (UNSMIL) កាលពីថ្ងៃអាទិត្យ បានប្រកាសបង្កើតគណៈកម្មាធិការបទឈប់បាញ់រួមជាមួយក្រុមប្រឹក្សាប្រធានាធិបតីរបស់ប្រទេស ដែលមានតួនាទីជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពប្រទេសលីប៊ី។

យោងតាមសេចក្តីថ្លែងការណ៍របស់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី (UNSMIL) បានឲ្យដឹងថា គណៈកម្មាធិការ ដែលបានចាប់ផ្តើមបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមផ្ទុះឡើង ក្នុងរដ្ឋធានីទ្រីប៉ូលីប៉ុន្មានថ្ងៃមុននេះ បានផ្តោតសំខាន់លើការសម្របសម្រួលបទឈប់បាញ់អចិន្ត្រៃយ៍ដោយសង្កត់ធ្ងន់លើការការពារជនស៊ីវិលទាំងអស់ ហើយត្រូវព្រមព្រៀងលើការរៀបចំសន្តិសុខសម្រាប់ទីក្រុងទ្រីប៉ូលី។

សេចក្តីថ្លែងការណ៍និយាយថា គណៈកម្មាធិការ ដែលដឹកនាំដោយនាយសេនាធិការនៃកងទ័ពលីប៊ី លោក Mohammed Al-Haddad បានបង្ហាញពីការប្តេជ្ញាចិត្តពីគ្រប់ភាគី ដើម្បីបញ្ចៀសការរីកធំជម្លោះបន្ថែមទៀត។
បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ បានរំលឹកឡើងវិញនូវការព្រួយបារម្ភរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះរបាយការណ៍នៃការស្លាប់និងរងរបួសជនស៊ីវិលដែលបណ្តាលមកពីអំពើហិង្សានាពេលថ្មីៗនេះនៅទីក្រុងទ្រីប៉ូលី ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍។
