ក្លិបបាល់ទាត់ Crystal Palace ដណ្តើមបានជើងឯកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តក្លិបក្រោយយកឈ្នះ Manchester City លើកពាន FA Cup ចុងសប្តាហ៍កន្លងទៅ។
គ្រាប់បាល់ជ័យជំនះមួយគ្រាប់គត់របស់កីឡាករអង់គ្លេស Eberechi Eze នៅវគ្គទីមួយ គ្រប់គ្រាន់ល្មមសម្រាប់ Crystal Palace ឈ្នះជើងឯក បន្ទាប់ពីអ្នកចាំទី Dean Henderson បំពេញតួនាទីបានយ៉ាងអស្ចារ្យផងដែរ។
ក្រុមរបស់លោក Pep Guardiola មានឱកាសច្រើនក្នុងការរកគ្រាប់បាល់តែមិនមានសំណាង ខណៈដែលគ្រាប់បាល់ ១១ ម៉ែត្ររបស់ Omar Marmoush ត្រូវបានសង្គ្រោះបានដោយអ្នកចាំទី Dean Henderson។
ក្រុមជើងឯក ៧ សម័យ Manchester City មានតែការសោកស្តាយចំពោះឱកាសជាច្រើននៅវគ្គទីពីរ ហើយ Crystal Palace ក៏មានឱកាសរកបានគ្រាប់ទីពីរចុងម៉ោង តែលុបចោលដោយ VAR។
Crystal Palace ក្រោមការដឹកនាំរបស់អ្នកចាត់ការ Oliver Glasner បានទទួលរងការរិះគន់ខ្លាំងពីអ្នកគាំទ្រខណៈក្លិបមានរដូវកាលអាក្រក់បំផុតតាំងពីឆ្នាំ ១៩៩៣ នៅ Premier League នៅពេលចាប់ផ្តើមរដូវកាល ៨ ប្រកួតដំបូងមិនឈ្នះសោះ មុនពេលយកឈ្នះ Spurs ប្រកួតទី ៩។
ជ័យជំនះនេះ បានលុបចោលពពកខ្មៅរបស់ Crystal Palace ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអូទ្រីស ខណៈតំណែងអ្នកចាត់ការអាចនឹងរក្សាបានមួយរដូវកាលទៀត។
ងាកមក Manchester City ក៏មានរដូវកាលដ៏អាក្រក់របស់ខ្លួនដែរតាំងពី Pep Guardiola មកដឹកនាំដំបូងនៅរដូវកាល ២០១៦-១៧ ពោលគឺនេះជារដូវកាលដែលពួកគេមិនឈ្នះពានណាមួយសោះលើកដំបូង៕
អត្ថបទ៖នាង សុភាវុធ