ការគាំងដំណើរការប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋាន Paris-Orly ប្រទេសបារាំង បណ្តាលឱ្យមានការលុបចោល និងការពន្យាពេលជើងហោះហើររាប់រយជើង ហើយអាជ្ញាធរអាកាសចរណ៍បាននិយាយថា ភាពវឹកវរ នឹងបន្តរហូតដល់ថ្ងៃច័ន្ទ ទី១៩ ខែឧសភានេះ។

ការគាំងដំណើរការនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ និងបានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើររាប់ពាន់នាក់ ដោយអ្នកមួយចំនួនបានឡើងអង្គុយលើយន្តហោះរួចហើយនៅឯអាកាសយានដ្ឋានធំបំផុតទីពីរនៅរដ្ឋធានីប្រទេសបារាំង នៅពេលដែលជើងហោះហើរត្រូវបានលុបចោល។ ក្រុមមន្ត្រី បាននិយាយថា ការគាំងនៅប៉មគ្រប់គ្រង បានបង្ខំឱ្យលុបចោលជើងហោះហើរប្រហែល១៣០ជើង នៃជើងហោះហើរទាំងក្នុង និងក្រៅអាកាសយានដ្ឋាន Orly កាលពីថ្ងៃអាទិត្យ។

វាមិនត្រូវបានដោះស្រាយឲ្យរួចរាល់កាលពីល្ងាចថ្ងៃអាទិត្យនោះទេ ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង DGAC បាននិយាយថា ខ្លួនកំពុង «ស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ កាត់បន្ថយកាលវិភាគជើងហោះហើររបស់ខ្លួនចំនួន១៥ភាគរយ» នៅថ្ងៃចន្ទនេះ និងបានព្រមានថា «ការពន្យារពេល ត្រូវបានរំពឹងទុក»។
អជ្ញាធរអាកាសចរណ៍ DGAC បាននិយាយថា «ស្ថានភាពកំពុងប្រសើរឡើង ប៉ុន្តែនៅតែទាមទារឱ្យមានបទប្បញ្ញត្តិចរាចរណ៍»។ អាជ្ញាធរបានដាក់កំហុសលើការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថា «ដំណើរការខុសប្រក្រតី»។ ប្រភពព័ត៌មានមួយពីអាកាសយានដ្ឋាន បាននិយាយថា មាន «ប្រព័ន្ធរ៉ាដាមានបញ្ហា»។
ជើងហោះហើរទៅកាន់គោលដៅសហភាពអឺរ៉ុប អាហ្រ្វិកខាងជើង និងជើងយន្តហោះឆ្លងកាត់ប្រទេសបារាំង ស្ថិតក្នុងចំណោមជើងយន្តហោះទទួលរងបញ្ហានេះ។ ជួរដ៏វែង ត្រូវបានបង្កើតឡើងនៅស្ថានីយចំណត ក្នុងពេលមានការប្រញាប់ប្រញាល់ខ្លាំងដើម្បីស្វែងរកការដឹកជញ្ជូនជំនួស។