ទាហានឥណ្ឌានៅក្នុងទីក្រុង Amritsar ភាគខាងជើង នៅថ្ងៃចន្ទ ទី១៩ ឧសភានេះ បានអួតពីសមត្ថភាពយោធារបស់ខ្លួន ដោយបានបង្ហាញប្រព័ន្ធការពារដែនអាកាសដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងទៅនឹងការវាយប្រហារតាមអាកាសពីប្រទេសប៉ាគីស្ថាន។ ឧត្តមសេនីយកងទ័ពឥណ្ឌា លោក Kartik C Seshadri បាននិយាយថា យោធាបានប្រើប្រាស់កាំភ្លើងនិងមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ កាលពីសប្តាហ៍មុន ដើម្បីស្ទាក់ចាប់យានដ្រូនដែលត្រូវបានបាញ់ដោយប្រទេសប៉ាគីស្ថាន នៅទីសក្ការបូជាដ៏ពិសិដ្ឋបំផុតមួយកន្លែងរបស់សាសនាស៊ីក។

ទីក្រុងញូវឌេលី និងទីក្រុងអ៊ីស្លាម៉ាបាដ មានបាញ់តគ្នាយ៉ាងខ្លាំងក្លារយៈពេល៤ថ្ងៃ មុនបទឈប់បាញ់ថ្ងៃទី១០ ខែឧសភា ខណៈសត្រូវចាស់ទាំងពីរ បានកំណត់គោលដៅលើទីតាំងយោធារបស់គ្នាទៅវិញទៅមកដោយមីស៊ីល និងយានដ្រូន ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ក្រោយការវាយប្រហារលើភ្ញៀវទេសចរហិណ្ឌូនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដែលបានសម្លាប់មនុស្ស២៦នាក់។

កងទ័ពឥណ្ឌាបាននិយាយថា ពួកគេបានត្រៀមខ្លួនប្រយុទ្ធប្រឆាំងចំពោះការគំរាមកំហែងគ្រប់ប្រភេទដែលបង្កឡើងដោយសត្រូវ។ ទាហានម្នាក់បាននិយាយថា «យើងបានត្រៀមសម្រាប់បញ្ហាទាំងអស់ និងគ្រប់ប្រភេទនៃការគំរាមកំហែងដែលសត្រូវអាចដាក់មកលើយើង រួមមានទាំងការវាយប្រហារដោយយានដ្រូន ការវាយប្រហារតាមអាកាស និងប្រឆាំងការទម្លាក់គ្រាប់បែក និងការគំរាមកំហែងផ្សេងៗទៀត»។
ទាំងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានសម្រេច បន្តវិធានការកសាងទំនុកចិត្ត ដើម្បីកាត់បន្ថយកម្រិត គ្រោះថ្នាក់ កាលពីសប្តាហ៍មុន។