បន្ទាប់ពីជាប់គាំងអស់ជាច្រើនថ្ងៃដោយការស្វែងគំនិតពីសមាជិកបក្សសាធារណរដ្ឋជុំវិញការកាត់បន្ថយការចំណាយ ពេលនេះសេចក្ដីស្នើច្បាប់កាត់បន្ថយពន្ធក្នុងប្រទេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump រកបានការយល់ព្រមពីគណៈកម្មាធិការសភាសំខាន់ៗ កាលពីថ្ងៃអាទិត្យ (១៨ ឧសភា) នៅក្នុងជ័យជម្នះដ៏កម្រមួយសម្រាប់លោក Trump និងប្រធានសភា លោក Mike Johnson។

នៅឯសម័យប្រជុំមិនធម្មតាមួយកាលពីយប់ថ្ងៃអាទិត្យ អ្នកអភិរក្សនិយមមកពីបក្សសាធារណរដ្ឋនៅគណៈកម្មាធិការថវិកាសភា ដែលបានរារាំងសំណើនេះកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានអនុញ្ញាតឱ្យសេចក្ដីស្នើច្បាប់ដំណើរការទៅមុខ ខណៈពួកគេជំរុញឱ្យកាត់បន្ថយការចំណាយកាន់តែស៊ីជម្រៅ ។

ការបោះឆ្នោតអនុម័តក្នុងសភាតំណាងរាស្រ្ត អាចនឹងកើតឡើងនៅចុងសប្តាហ៍នេះ។ អ្នកវិភាគឯករាជ្យនិយាយថា វិសំណើនេះនឹងបន្ថែម ៣សែនកោដិដុល្លារ ទៅ ៥សែនកោដិដុល្លារ បន្ថែមពីលើបំណុល ៣៦,២សែនកោដិដុល្លារ ដ៏ច្រើនរួចទៅហើយរបស់អាមេរិក ក្នុងពេលមួយទសវត្សរ៍ក្រោយ។

ការកាត់បន្ថយចំណាយដើម្បីទូទាត់សំណើពន្ធនេះ ក៏នឹងធ្វើឱ្យមនុស្ស ៨,៦លាននាក់ បាត់បង់អត្ថប្រយោជន៍ Medicaid ដែលជាកម្មវិធីសហព័ន្ធរដ្ឋរួមគ្នាសម្រាប់ជនជាតិអាមេរិកមានចំណូលទាប។ ប៉ុន្តែក្រុមអ្នកប្រកាន់ជំហរតឹងទទូចថា ហានិភ័យចំពោះសារពើពន្ធសហរដ្ឋអាមេរិក គឺជាគ្រោះថ្នាក់កាន់តែអាក្រក់ជាងនេះទៅទៀត៕