ព្យុះកួចដ៏កំណាចជាបន្តបន្ទាប់បានសម្លាប់មនុស្សរាប់សិបនាក់ បង្ករបួស និងការខូចខាតជាច្រើនផ្សេងទៀតនៅទូទាំងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍។ អ្នកស្រុកដែលទើបតែរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដោយព្យុះកួច កាលពីថ្ងៃអាទិត្យ (១៨ ឧសភា) នៅតែត្រៀមទប់ទល់សម្រាប់អាកាសធាតុកាន់តែធ្ងន់ធ្ងរនៅពេលខាងមុខ។

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ប្រព័ន្ធព្យុះដ៏ធំមួយបានវាយលុកតំបន់កណ្ដាលភាគខាងលិច និងកណ្ដាលអាត្លង់ទិក ចាប់ផ្តើមពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់ នៅក្នុងរដ្ឋ Kentucky, Missouri, Virginia និង Indiana ហើយមនុស្សរាប់សិបនាក់ទៀតត្រូវរាយការណ៍ថាបានរងរបួស។

រដ្ឋ Kentucky រងគ្រោះខ្លាំងបំផុត ខណៈខ្យល់ព្យុះកួចដ៏អាក្រក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងរាប់រយខ្នង បង្កការខូចខាតដល់រថក្រោះ និងធ្វើឱ្យមនុស្សជាច្រើនគ្មានទីជម្រក។ យ៉ាងហោចណាស់ការស្លាប់ ១៩នាក់ ក្នុងចំណោមអ្នកស្លាប់សរុប បានកើតឡើងនៅ Kentucky ដែលភាគច្រើននៅភាគអាគ្នេយ៍តំបន់ Laurel។

ក្រុមអ្នកឧតុនិយមបានព្យាករពីអាកាសធាតុមិនទៀតទាត់ "ច្រើនថ្ងៃ" ទៀតនៃលក្ខខណ្ឌអាកាសធាតុដ៏គ្រោះថ្នាក់នៅទូទាំងផ្នែកកណ្តាលរបស់ប្រទេស ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងព្យុះកួចដែលអាចកើតមាន នេះបើយោងតាមសេវាអាកាសធាតុជាតិ៕