ទិន្នផលរោងចក្ររបស់ប្រទេសចិន បានធ្លាក់ចុះបន្តិចនៅក្នុងខែមេសា ប៉ុន្តែបានបង្ហាញពីភាពធន់ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជាសញ្ញាមួយបង្ហាញថា វិធានការគាំទ្ររបស់រដ្ឋាភិបាល អាចនឹងលុបបំបាត់ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់ការបង្អាក់សន្ទុះនៅក្នុងសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញនៅថ្ងៃចន្ទ (១៩ ឧសភា) នេះថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៦,១% ធៀបនឹងឆ្នាំមុន ដែលធ្លាក់ចុះពីតួលេខ ៧,៧% នៅក្នុងខែមីនា ប៉ុន្តែបានផ្តួលការព្យាករកំណើន ៥,៥% នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Tianchen Xu សេដ្ឋវិទូជាន់ខ្ពស់នៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច បាននិយាយថា "ភាពធន់របស់ខែមេសា គឺជាផ្នែកមួយនៃលទ្ធផលគាំទ្រសារពើពន្ធជាមុនរបស់រដ្ឋាពិបាលចិន"។ លោកបន្តថា ទិន្នន័យថ្ងៃចន្ទនេះបានគូសបញ្ជាក់ពីភាពតក់ស្លុតនៃពន្ធបដិការរបស់សហរដ្ឋអាមេរិក។

ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីសប្តាហ៍មុន ដើម្បីដកពន្ធភាគច្រើនដែលដាក់លើទំនិញរបស់គ្នាទៅវិញទៅមកចាប់តាំងពីដើមខែមេសា។ ការផ្អាករយៈពេល ៩០ថ្ងៃនេះ បានបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មដែលបានរំខានដល់បណ្ដាញផ្គត់ផ្គង់ពិភពលោក និងបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល៕