កីឡាករវាយកូនបាល់អេស្ប៉ាញ Carlos Alcaraz បានបញ្ចប់ដំណើរឈ្នះ ២៦ ប្រកួតជាប់គ្នារបស់កីឡាករលេខមួយពិភពលោក Jannik Sinner ជាមួយនឹងជ័យជំនះពីរសិតផ្ទួនៗ ៧-៦(៧-៥) និង ៦-១ ដើម្បីគ្រងជើងឯកកម្មវិធី Italian Open។
Jannik Sinner នេះជាការចូលរួមប្រកួតកម្មវិធីដំបូងតាំងបីត្រូវបានពិន័យបីខែក្រោមការចោទប្រកាសថាបានប្រើប្រាស់សារធាតុហាមឃាត់ ហើយក៏សង្ឃឹមថានឹងជាក្លាយជាកីឡាករម្ចាស់ផ្ទះអ៊ីតាលីដំបូងដែលឈ្នះជើងឯក Italian Open តាំងពីឆ្នាំ ១៩៧៦ ដែលឈ្នះដោយ Adriano Panatta។
តែបន្ទាប់ពីការប្រកួតតានតឹងសិតទីមួយដែល Alcaraz ឈ្នះដោយ Tiebreak សិតទីពីរម្ចាស់ជើងឯក Grand Slam បួនលើក Alcaraz មានកម្រិតខ្ពស់ជាងដាច់ឆ្ងាយពី Sinner ជាមួយនឹងជ័យជំនះ ៦-១។
នេះជាជ័យជំនះពីរប្រកួតជាប់គ្នាសម្រាប់ Alcaraz លើ Sinner បន្ទាប់ពីកីឡាករអេស្ប៉ាញធ្លាប់ឈ្នះចុងក្រោយបំផុតនៅខែតុលាឆ្នាំមុនលើកពាន China Open។
ងាកមកផ្នែកនារីវិញ កីឡាការិនីម្ចាស់ផ្ទះអ៊ីតាលី Jasmine Paolini បានបញ្ចប់ការទន្ទឹងរង់ចាំ ៤០ ឆ្នាំក្លាយជាកីឡាការិនីម្ចាស់ផ្ទះអ៊ីតាលីដំបូងឈ្នះជើងឯក Italian Open តាំងពី Raffaella Reggi ដែលធ្វើបាននៅឆ្នាំ ១៩៨៥។
Paolini ដែលជាជើងឯករង French Open និង Wimbledon ឆ្នាំមុនបានយកឈ្នះកីឡាការិនីអាមេរិក Coco Gauff ពីរសិតផ្ទួនៗ ៦-៤ និង ៦-២ ប្រើពេលមួយម៉ោង ២៩ នាទី។
Jasmine Paolini ក៏បានក្លាយជាកីឡាការិនីអ៊ីតាលីទីបួនប៉ុណ្ណោះដែលឈ្នះជើងឯក Italian Open នេះ រាប់តាំងពីការបង្កើតឡើងពាននេះដំបូងនៅឆ្នាំ ១៩៣០៕
អត្ថបទ៖នាង សុភាវុធ