ប្រាំមួយសប្តាហ៍មុន ពានលីគកំពូលហូឡង់ Eredivisie ត្រូវបានគេនិយាយតៗគ្នាថានឹងជារបស់ Ajax ដែលនឹងជាពានទី ៣៧ ជាក្លិបឈ្នះជើងឯកលីគហូឡង់ច្រើនជាងគេ។
Ajax លើកពានចុងក្រោយបំផុតនៅរដូវកាល ២០២១-២២ តែជ័យជំនះលើ PSV ២-០ កាលពីថ្ងៃទី ៣០ ខែមីនាកន្លងទៅធ្វើឱ្យពួកគេនាំមុខដាច់ ៩ ពិន្ទុទៅហើយពី PSV ដែលធ្វើឱ្យគ្រប់គ្នាគិតថាជើងឯកនឹងរបស់ Ajax។
ប្រធានក្រុម PSV, Luuk de Jong ធ្លាប់បាននិយាយនៅពេលនោះថា ស្របពេលដែលលីគនៅសល់ ៧ ប្រកួតទៀត PSV ត្រូវផ្តោតអារម្មណ៍ធ្វើយ៉ាងណារក្សាតំណែងលេខពីរឱ្យជាប់ដើម្បីឱកាសលេង Champions League រដូវកាលក្រោយ។
ផ្ទុយទៅវិញ រឿងអ្វីក៏អាចកើតឡើងនៅក្នុងពិភពបាល់ទាត់ អ្នកគាំទ្រ PSV បានចាប់ផ្តើមអបអរទៅហើយនៅពេលពួកគេយកឈ្នះ Heracles ៤-១ កាលពីពាក់កណ្តាលសប្តាហ៍ ខណៈ Ajax ស្មើ Groningen ដោយគ្រាប់បាល់នាទីទី ៩០+៩ ធ្វើឱ្យ PSV ឡើងមកនាំមុខមួយពិន្ទុវិញមុនឈានដល់សប្តាហ៍ចុងក្រោយនេះ។
សប្តាហ៍ចុងក្រោយ PSV បានយកឈ្នះនៅទឹកដី Sparta Rotterdam ៣-១ ខណៈដែល Ajax ឈ្នះ Twente ២-០ ជើងឯកបានទៅ PSV ពីររដូវកាលជាប់គ្នា។
PSV រកបានជ័យជំនះជាប់រហូតតាំងពីចាញ់ Ajax ស្របពេលដែល Ajax បាត់បង់ ១០ ពិន្ទុពីការប្រកួតបួនលើកចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ