អ្នកនយោបាយអង់គ្លេស ដែលមានដើមកំណើតប៉ាឡេស្ទីន បានអំពាវនាវឲ្យរដ្ឋាភិបាលចក្រភពអង់គ្លេសគាំទ្រនូវវោហាស័ព្ទដ៏តឹងរ៉ឹងរបស់ខ្លួន លើអ៊ីស្រាអែល ជាមួយនឹងសកម្មភាពជាក់ស្តែង ដោយព្រមានថាប្រជាជននៅតំបន់ហ្កាហ្សាកំពុងប្រឈមមុខនឹង«កម្រិតទុរ្ភិក្សយ៉ាងធ្ងន់ធ្ងរដែលមិនអាចទ្រាំទ្របាន»។

សារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរីនិយមលោក ស្រី Layla Moran បាននិយាយថា ទោះបីជារដ្ឋមន្ត្រីថ្មីៗនេះ បានអនុម័តទស្សន វិស័យដ៏សំខាន់ជាងនេះក៏ដោយ ប៉ុន្តែនេះមិនទាន់បានក្លាយទៅជាការផ្លាស់ប្តូរគោលនយោបាយ ដ៏មានអត្ថន័យនៅឡើយ។
លោកស្រីបានបន្តថា៖«ខ្ញុំនៅមានការខកចិត្តថា ខណៈពេលដែលការលើកឡើង និងពាក្យសម្តីរបស់រដ្ឋាភិបាល បានផ្លាស់ប្តូរ បើនិយាយពីសកម្មភាពជាក់ស្តែង មិនមានការផ្លាស់ប្តូរអ្វីច្រើនទេ»។
ការអត្ថាធិប្បាយរបស់លើកឡើង បានកើតឡើង ចំពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងលើយុទ្ធនាការយោធាដែលបានពង្រីករបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងការរឹតបន្តឹងជំនួយមនុស្សធម៌របស់ខ្លួន។
កាលពីថ្ងៃពុធ លោក Hamish Falconer រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា បានពណ៌នាការរារាំងជំនួយរបស់អ៊ីស្រាអែលថា «គួរឲ្យខ្លាច» «ដ៏ឃោរឃៅ» និង «មិនអាចការពារបាន» ឡើយ។
រដ្ឋមន្ត្រីការបរទេសលោក David Lammy ក៏បានបញ្ជាក់ដែរថា ចក្រភពអង់គ្លេស កំពុងពិភាក្សាជាមួយបារាំង និងអារ៉ាប៊ីសាអ៊ូឌីត អំពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនសន្និសីទអន្តរជាតិ ដែលបានគ្រោងធ្វើ នៅទីក្រុងប៉ារីស នៅក្នុងខែមិថុនាខាងមុខនេះ។
