ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់បានកោះអញ្ជើញបេសកជនអង់គ្លេសនៅទីក្រុងតេអេរ៉ង់ ដើម្បីតវ៉ានឹងការចាប់ខ្លួនជនជាតិរបស់ខ្លួនជាច្រើននាក់ ក្រោមការចោទប្រកាន់ពីបទចារកម្ម។
ទីភ្នាក់ងារព័ត៌មាន IRNA បាននិយាយថា៖«បន្ទាប់ពីការចាប់ខ្លួនដោយអយុត្តិធម៌នូវជនជាតិអ៊ីរ៉ង់ជាច្រើននាក់ នៅក្នុងចក្រភពអង់គ្លេស... ភារធារីរបស់ចក្រភពអង់គ្លេសនៅទីក្រុងតេអេរ៉ង់ ត្រូវបានអញ្ជើញកាលពីថ្ងៃអាទិត្យ» ដោយពិពណ៌នាការចាប់ខ្លួននេះថា ជា «ហេតុផលនយោបាយ»។

បុរសជនជាតិអ៊ីរ៉ង់បីនាក់ បានបង្ហាញខ្លួននៅក្នុងតុលាការក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មសម្រាប់សាធារណរដ្ឋឥស្លាម។
ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ០៣ ខែឧសភា ហើយត្រូវបានកំណត់អត្តសញ្ញាណថា លោក Mostafa Sepahvand អាយុ ៣៩ ឆ្នាំ លោក Farhad Javadi Manesh អាយុ ៤៤ ឆ្នាំ និង លោក Shapoor Qalehali Khani Noori អាយុ ៥៥ ឆ្នាំ ទាំងអស់គ្នា រស់នៅក្នុងទីក្រុងឡុងដ៍។
ក្រសួងមហាផ្ទៃអង់គ្លេស បាននិយាយថា ពួកគេជាជនអន្តោប្រវេសន៍មិនទៀងទាត់ ដែលមកដល់តាមទូកតូច ឬមធ្យោបាយផ្សេងទៀត ដូចជាលាក់ខ្លួន ក្នុងរថយន្ត នៅចន្លោះឆ្នាំ ២០១៦ និង ២០២២។
យោងតាមនគរបាលចក្រភពអង់គ្លេស បានឲ្យដឹងថា ការធ្វើចារកម្មដែលត្រូវបានសង្ស័យថា បានធ្វើឡើងចាប់ពីខែសីហា ឆ្នាំ ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ ២០២៥។
នគរបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសទី ៤ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ០៩ ខែឧសភា ជាផ្នែកនៃការស៊ើបអង្កេត ប៉ុន្តែឥឡូវនេះ ត្រូវបានដោះលែងដោយគ្មានបទចោទប្រកាន់។
