ក្រុមគ្រូពេទ្យបឋមនិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ២៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់កន្លងទៅលើជំរំសំពត់តង់ស្ថិតក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ។
អ្នកស្រី Samia al Qasas ដែលប្តី និងកូនប្រុសរបស់គាត់ បានរងរបួសក្នុងការវាយប្រហារតាមច្រកអាកាសនេះ និយាយថា មីស៊ីលបានធ្លាក់នៅជិតពួកគេ ។
ចំណែកឯអ្នកស្រី Warda al Chaer ដែលបាត់បង់ម្តាយរបស់គាត់នៅក្នុងការវាយប្រហារនេះ និយាយថា ម្តាយរបស់គាត់បានស្លាប់ ហើយក្មួយរបស់គាត់បានបាត់បង់ភ្នែកម្ខាង ។
ស្របពេលដែលក្រុមអ្នកសម្របសម្រួលរៀបចំជុំថ្មីនៃកិច្ចប្រជុំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនលើដែនដីបិទច្រកមួយនេះ ក៏ដូចជាពង្រីកការទម្លាក់គ្រាប់បែកសម្លាប់មនុស្សរាប់រយនាក់ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ ។
មិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីយោធាអ៊ីស្រាអែលដែលត្រៀមខ្លួនការវាយប្រហារជើងគោកថ្មី ដើម្បីសម្រេចបានការគ្រប់គ្រងប្រតិបត្តិការលើតំបន់ហ្កាហ្សា ។
ក្រុមហាម៉ាស បានចាត់ទុកការវាយប្រហារចុងក្រោយនេះថា ជាឧក្រិដ្ឋកម្មដ៏ឃោឃៅ ហើយពួកគេបានដាក់ការស្តីបន្ទោសដល់រដ្ឋបាលថ្មីរបស់រដ្ឋអាមេរិក សម្រាប់ការធ្វើឲ្យកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែល ៕