ភ្លៀងធ្លាក់ខ្លាំងកាលពីយប់កន្លងទៅ បានជន់លិចផ្លូវថ្នល់ និងអគាររស់នៅរបស់អ្នកស្រុកនៅទីក្រុង Bengaluru របស់ប្រទេសឥណ្ឌា ។
ស្របពេលដែលអ្នកស្រុកខ្លះរអ៊ូរទាំថា ពួកគេពុំបានសម្រាកពេញមួយយប់ អ្នកស្រុកខ្លះទៀតនិយាយថា ពួកគេប្រឈមបញ្ហាតែមួយនេះអស់រយៈពេល ២០ឆ្នាំមកហើយ ។

ប្រជាពលរដ្ឋត្រូវបានគេមើលឃើញទួលទ្រព្យសម្បត្តិរបស់ពួកគេ និងដើរលុកទឹកតាមផ្លូវទៅកាន់ទីទួលសុវត្ថិភាព ។ ចំណែកឯទំនិញប្រើប្រាស់ក្នុងផ្ទះ ត្រូវបានគេមើលឃើញអណ្តែតផងដែរ ។
ឥណ្ឌាដែលមានពលរដ្ឋ ១,៤ពាន់លាននាក់ ពឹងផ្អែកទឹកភ្លៀងដើម្បីទ្រទ្រង់ប្រជាពលរដ្ឋរបស់ពួកគេ ក្នុងនោះពលរដ្ឋភាគច្រើនពឹងផ្អែកលើការធ្វើកសិកម្ម ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ច្រើនហួសប្រមាណបណ្តាលឲ្យមានទឹកជំនន់ ជាពិសេសនៅតាមតំបន់មានប្រព័ន្ធបង្ហូរទឹកមិនល្អ ៕
