សមាជិកសភា និងក្រុមតំណាងរាស្រ្តអ៊ីតាលីនៃសហភាពអឺរ៉ុប អមដោយក្រុមសកម្មជន សមាជិកអង្គការក្រៅរដ្ឋាភិបាល ក្រុមបណ្ឌិតសភា និងក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យម្សិលមិញ នាំគ្នាតវ៉ានៅមុខព្រំដែន Rafah របស់អេហ្ស៊ីបជាប់តំបន់ហ្កាហ្សា ដើម្បីធ្វើការថ្កោលទោសសង្រ្គាម និងការបិទច្រករបស់អ៊ីស្រាអែលមិនអនុញ្ញាតឲ្យជំនួយចូលទៅកាន់ដែនដីឡោមព័ទ្ធមួយនេះ ។
ពួកគេបានលើកបដាដ៏ធំមួយសរសេរថា “បញ្ឈប់ការប្រព្រឹត្តបទល្មើស” និងអំពាវនាវដល់រដ្ឋាភិបាលអ៊ីតាលី និងក្រុមមេដឹកនាំអឺរ៉ុបផ្សេងទៀតឲ្យបញ្ឈប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងដាក់សម្ពាធលើអ៊ីស្រាអែល អនុញ្ញាតឲ្យស្បៀងអាហារ និងជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ។

អតីតប្រធានាសភាអ៊ីតាលីលោកស្រី Laura Boldrini ដែលជាសមាជិកក្រុមសកម្មជន “Gaza Beyond the Border” បាននិយាយក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ពួកយើងមិនអាចឈរមើលការសម្លាប់រង្គាលមួយទៀត ត្រូវបានគេរៀបចំឡើងនោះឡើយ ។
ដោយសំដៅលើនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Georgia Meloni និងរដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក AntonioTajani លោកស្រី Boldrini និយាយថា ពួកគេត្រូវតែធ្វើឥឡូវនេះភ្លាម ដើម្បីការពារការជម្លៀសខ្លួនទាំងបង្ខំលើប្រជាពលរដ្ឋ និងឧក្រិដ្ឋកម្មសង្រ្គាមបន្ថែមទៀត ។
លោកស្រីបន្តថា ភាពស្ងៀមស្ងាត់ និងភាពអសកម្មស្មើនឹងការប្រព្រឹត្តបទល្មើស ។ រាល់នាទី បាត់បង់អាយុជីវិតមនុស្សម្នាក់ ហើយពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការនាំជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា ។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោកស្រី Tajani បានជំរុញផងដែរឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ពួកគេនៅតំបន់ហ្កាហ្សា ដោយលោកស្រីបញ្ជាក់ថា ជនស៊ីវិលប៉ាឡេស្តីន មិនត្រូវរងគ្រោះដោយសារសង្រ្គាមមួយនេះឡើយ ៕
