កីឡាសីដក់៖ ក្រុមក្រសួងការពារជាតិនៅតែធ្វើបានល្អក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នៅក្រុងតាខ្មៅកាលពីពេលថ្មីៗនេះដោយដណ្តើមបានមេដាយមាសច្រើនជាងគេ។ វិញ្ញាសា ២នាក់ទល់ ២នាក់នារី កីឡាការិនីក្រសួងការពារជាតិដណ្តើមបានមេដាយមាសដែលធ្វើបានដោយកីឡាការិនី ជា រស្មី, ផូ បញ្ញា និងសន សុភាព ចំនែកមេដាយប្រាក់ និងមេដាយសំរឹទ្ធក៏បានទៅក្រសួងការពារជាតិដែរ។
វិញ្ញាសា ២នាក់ទល់នឹង ២នាក់បុរស កីឡាករ ទ្រឹង លី, ផេង មិថុនា និងកីឡាករ ឌី ចាន់ធា របស់ក្រសួងការពារឈ្នះមេដាយមាស ឯកីឡាករ ជាតិ ខេមរិន្ទ, ហួត សុវុត្ថា និងកីឡាករ ចាន់ មិថុនា របស់ក្រសួងមហាផ្ទៃក្រុម២ ឈ្នះមេដាយប្រាក់ ខណៈកីឡាករ ហំ សីហៈ, ស៊ន ចាន់ណេម និងកីឡាករ ខ្ចី វ៉ាន់ឆៃ មកពីក្លិបខ.ភ.មដណ្តើមបានមេដាយសំរឹទ្ធ។ ដោយឡែកវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់បុរស ក្រុមក្រសួងការពារជាតិដែលមានកីឡាករ រៀម សុភិរម្យ, ណាង សុភាព, ភុម គង្គា, សំ វាសនា និងកីឡាករ គៀន កន ដណ្តើមបានមេដាយមាសបន្ទាប់ពីឈ្នះមិត្តរួមក្លិប ខណៈលេខ៣ មេដាយសំរឹទ្ធបានទៅក្រុមក្រសួងមហាផ្ទៃ៕
អត្ថបទ៖ គង់ ហួន