នគរបាលកូរ៉េខាងត្បូងនិយាយនៅថ្ងៃចន្ទនេះថា បុរសម្នាក់នៅបន្តរត់គេចខ្លួន ក្រោយដេញចាក់មនុស្ស ៤នាក់ បណ្តាលឲ្យមនុស្ស ២នាក់ បាត់បង់ជីវិត ស្របពេលដែលក្រុមអាជ្ញាធរព្រមានឲ្យអ្នកស្រុកចៀសវាងចេញក្រៅ រហូតដល់ជនដៃដល់ត្រូវបានចាប់ខ្លួន ។
នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹកម៉ោងក្នុងស្រុក ថ្ងៃចន្ទ ជនសង្ស័យបានចាក់ម្ចាស់ម៉ាតលក់ទំនិញម្នាក់ ស្រ្តីវ័យប្រហែល ៦០ឆ្នាំម្នាក់ ហើយនិងរត់គេចចេញពីកន្លែងកើតហេតុនៅខេត្ត Gyeonggi ស្ថិតនៅភាគខាងលិចទីក្រុងសេអ៊ូល ។
នគរបាលក្រុង Siheung និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ក្រោយនគរបាលឆ្លើយតបនឹងហេតុការណ៍ចាក់នេះ ពួកគេបានធ្វើដំណើរទៅដល់ផ្ទះជនសង្ស័យ ជាទីដែលពួកគេប្រទះឃើញសាកសពមនុស្សម្នាក់ដែលនៅត្រូវកំណត់អត្តសញ្ញាណ ។
រយៈពេល ២ម៉ោងក្រោយមក ជនសង្ស័យ បានចាក់បុរសម្នាក់ទៀតដែលមានវ័យប្រហែល ៧០ឆ្នាំ មុនពេលរត់គេចចេញពីកន្លែងកើតហេតុម្តងទៀត ។
ក្រោយមកទៀត នគរបាលបានរកឃើញសាកសពមនុស្សម្នាក់ទៀតនៅក្នុងផ្ទះជិតម៉ាតលក់ទំនិញ ។ នគរបាលនិយាយថា ជនរងគ្រោះរងរបួសទទួលបានការព្យាបាលនៅមន្ទីរពេទ្យ ។
ពួកគេបន្តថា ជនសង្ស័យនៅបន្តរត់គេចខ្លួន ហើយនគរបាលក្រុង Siheung កំពុងចល័តកម្លាំងទាំងអស់របស់ខ្លួន ដើម្បីតាមចាប់ជនសង្ស័យ ។
ប្រជាពលរដ្ឋក្នុងស្រុក ទទួលបានសារព្រមាននៅរសៀលថ្ងៃចន្ទនេះពីសាលាក្រុង Siheung ដោយពួកគេនិយាយថា ឧបទ្ទេវហេតុដេញចាក់ បានកើតឡើងនៅថ្ងៃនេះ នៅតំបន់ Jeongwang-dong ៕