
មន្រ្តីសន្តិសុខមួយរូប និយាយនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច ៤នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅខេត្តចលាចលភាគខាងត្បូង Balochistan របស់ប្រទេសប៉ាគីស្ថាន ។
គ្រាប់ត្រូវបានបង្កប់នៅក្នុងរថយន្តចតនៅស្រុក Killa Abdullah ដែលមានចម្ងាយតិចជាង ១០០គ.មពីរដ្ឋធានី Quettaនៃខេត្ត Balochistan ។
លោក Ghulab Khan គឺជាមន្រ្តីសន្តិសុខក្នុងស្រុកមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា គ្រាប់បែកនេះទំនងជាផ្ទុះមុនពេលដល់គោលដៅចង់បាន ។ លោកបន្តថា អ្នកដែលត្រូវបានសម្លាប់ទាំងអស់គឺជាអ្នកថ្មើរជើងស៊ីវិល ។
លោក Riaz Khan Dawar គឺជាមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បញ្ជាក់រឿងរ៉ាវលម្អិតដល់ AFPថា ការផ្ទុះគ្រាប់នេះ កើតឡើងនៅជិតបរិវេណទាហានប៉ារ៉ា កាលពីល្ងាចថ្ងៃអាទិត្យ ។
សូមបញ្ជាក់ថា ប៉ាគីស្ថាន បានប្រយុទ្ធជាមួយក្រុមបះបោរផ្តាច់ខ្លួននៅខេត្ត Balochistan អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាទីដែលក្រុមជីវពលមានគោលដៅលើកងកម្លាំងរដ្ឋ ជនបរទេស និងមនុស្សដែលមិនមែនជាអ្នកស្រុក នៅខេត្តសម្បូរធនធានរ៉ែជាប់ព្រំដែនអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់មួយនេះ ។
ការវាយប្រហារនេះដែរ បានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទាហានប៉ារ៉ា ៤នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្ត Balochistan ៕