អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus និយាយនៅថ្ងៃចន្ទនេះថា មនុស្សនៅតាមបណ្តាប្រទេសយ៉ាងហោច ៧០ ខកខានការព្យាបាល ដោយសារកាត់ផ្តាច់មូលនិធិសកល ។
លោក Tedros និយាយប្រាប់សមាជិក WHOនៅសន្និបាតសុខភាពពិភពលោកលើកទី ៧៨នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា នៅតាមបណ្តាប្រទេសយ៉ាងហោច ៧០ អ្នកជំងឺខកខានការព្យាបាល មណ្ឌលសុខភាពបិទទ្វារ កម្មករសុខភាព បាត់បង់ការងារធ្វើរបស់ពួកគេ ហើយមនុស្សប្រឈមនឹងការចំណាយប្រាក់ខ្លួនឯងកើនឡើង ។
បច្ចុប្បន្ន អង្គការ WHO ប្រឈមនឹងការជំពាក់ប្រាក់ ៦០០លានដុល្លារនៅក្នុងថវិកាប្រចាំឆ្នាំរបស់ខ្លួន និងការកាត់បន្ថយ ២១ភាគរយនៅក្នុងរយៈពេល ២ឆ្នាំបន្ទាប់ ។
ក្រុមមន្រ្តីអង្គការ WHOនឹងចូលរួមជាមួយក្រុមបរិច្ចាគ និងក្រុមការទូតនៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីពិភាក្សាលើវិធីសាស្រ្តដោះស្រាយវិបត្តិពីជំងឺអុតស្វា រហូតដល់ជំងឺអាសន្នរោគ ដោយគ្មានអ្នកផ្តល់មូលនិធីសំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក ។
ស្របពេលដែលសហរដ្ឋអាមេរិកត្រៀមខ្លួនចាកចេញពីអង្គការមួយនេះ ចិននឹងក្លាយជាប្រទេសផ្តល់មូលនិធិធំបំផុត ៕