យោងសេចក្តីប្រកាសរបស់ក្លឹបនៅព្រឹកនេះបញ្ជាក់ថា នៅចុងបញ្ចប់នៃរដូវកាលនេះ លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង។
ក្រោមការដឹកនាំរបស់លោក ក្លឹបបានសម្រេចនូវសមិទ្ធផលក្នុងព្រឹត្តិការណ៍សំខាន់ៗ និងទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស។
ក្លឹបបន្តថាគ្រប់គ្នានៅព្រះខ័នរាជស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Pep សម្រាប់ការចូលរួមដឹកនាំ រៀបចំដ៏បុិនប្រសប់ ហើយសូមជូនពរឱ្យទទួលបានជោគជ័យក្នុងជំហានបន្ទាប់នៃអាជីពគ្រូបង្វឹក។
លោក Pep នឹងទទួលបន្ទុកដឹកនាំការប្រកួតចុងក្រោយសម្រាប់ក្លឹបក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅអាទិត្យចុងសប្តាហ៍នេះ ដូច្នេះសូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នា ចូលរួមទស្សនាអោយបានច្រើនកុះករ និងបង្ហាញក្តីស្រលាញ់រាប់អានរបស់យើងទាំងអស់គ្នាទៅកាន់ Pep ។
សូមរំលឹកថាក្រោមការដឹកនាំរបស់លោក Pep Munoz ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលពីររដូវកាលជាប់គ្នា (២០២៣/២០២៤ និង២០២៤/២០២៥) ពាន Cambodian Premier League Super Cup ២០២៤/២០២៥ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន២០២៣/២០២៤ ជើងឯករងពានរង្វាន់ក្លឹបអាស៊ីលំដាប់ទី៣(AFC Challenge League )២០២៤/២០២៥ បញ្ចប់ចំណាត់ថ្នាក់លេខ៣ក្នុងពូលនៃពានរង្វាន់ក្លឹបកំពូលអាស៊ាន២០២៤/២០២៥(Shopee Cup) និងជួយក្លឹបឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្តេចតេជោ២០២៤/២០២៥ដែលត្រូវប្រកួតជាមួយភ្នំពេញក្រោន ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕




