អាមេរិក៖ បន្ទាប់ពីព្យុះកួចថូណាដូដ៏មានឥទ្ធិពលបានបំផ្លិចបំផ្លាញនៅក្នុងរដ្ឋរបស់សហរដ្ឋអាមេរិក តម្រូវការសម្រាប់ការងារសង្គ្រោះនៅតែជាភាពបន្ទាន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ខណៈការស្តារឡើងវិញអាចចំណាយពេលយូរ។ ព្យុះកួចថូណាដូបានបណ្តាលឲ្យមនុស្សយ៉ាងតិច ៨៨នាក់ស្លាប់ក្នុងរដ្ឋចំនួន ៥ ហើយច្រើនជាង ១០០នាក់នៅបាត់ខ្លួន។ ការវាយប្រហារដោយព្យុះដ៏ធ្ងន់ធ្ងរនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានរាប់ពាន់ខ្នង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា គ្រួសារជាង ២០,០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ក្នុងទីក្រុង Mayfield រដ្ឋ Kentucky ជាតំបន់រងគ្រោះខ្លាំងបំផុត។ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានណែនាំដល់អង្គការពាក់ព័ន្ធនានាឱ្យផ្តល់ជំនួយឲ្យបានឆាប់រហ័ស ខណៈលោក Biden ធ្វើដំណើរទៅកាន់រដ្ឋ Kentucky នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ បានបង្កើតមជ្ឈមណ្ឌលសង្គ្រោះមួយនៅមូលដ្ឋានកងទ័ពក្នុងរដ្ឋ Kentucky។ ទីភ្នាក់ងារមានផែនការបញ្ជូនទំនិញសង្គ្រោះបន្ទាន់ទៅកាន់ទីជម្រករួមមានអាហារ ទឹក ភួយ និងសំភារៈប្រើប្រាស់បន្ទាន់ផ្សេងទៀត៕
អត្ថបទ៖ ប៊ុនថន