ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យ «ស៊ើបអង្កេតជាចម្បង» លើតារាល្បីឈ្មោះនាង ប៊ីយ៉ន់សេ(Beyonce) លោក ប្រ៊ូស ស្ព្រីងស្ទីន(Bruce Springsteen) និងតារាល្បីៗផ្សេងទៀតដោយចោទប្រកាន់ថា ពួកគេត្រូវបានផ្តល់ប្រាក់រាប់លានដុល្លារដើម្បីជួយគាំទ្រគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក លោកស្រី Kamala Harris នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ។

នៅក្នុងការនិយាយវាយប្រហារពេញដោយពាក្យចចាមអារ៉ាម ដែលពុំបានផ្តល់ភស្តុតាងសម្រាប់ការចោទប្រកាន់ លោក Trump បានចោទថា នាង ប៊ីយ៉ន់សេ(Beyonce) ត្រូវបានផ្តល់ប្រាក់ចំនួន១១លានដុល្លារអាមេរិក ដើម្បីបង្ហាញវត្តមាននៅឯការប្រមូលផ្តុំគ្នារបស់លោកស្រីHarris ប៉ុន្តែរបាយការណ៍នេះ ត្រូវបានក្រុមរបស់គណបក្សប្រជាធិបតេយ្យ ច្រានចោល។

លោក Trump បានធ្វើឲ្យលោកស្រី Harris បរាជ័យ ដើម្បីចាប់ផ្តើមអាណត្តិទីពីររបស់លោកនៅក្នុងសេតវិមាន បាននិយាយថា ការចំណាយប្រាក់បែបនេះ អាចស្មើនឹងការរួមចំណែកក្នុងការធ្វើយុទ្ធនាការដោយខុសច្បាប់។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទប្រកាន់ថា សម្រាប់ការប្រមូលផ្តុំយុទ្ធនាការរបស់លោកស្រី Harris កាលពីចុងខែតុលា ដែលតារាចម្រៀងបានបង្ហាញខ្លួន នាងBeyonce ត្រូវបានផ្តល់ប្រាក់ចំនួន ១១លានដុល្លារអាមេរិកដើម្បីសម្តែងនៅលើឆាកគាំទ្រលោកស្រី Harris។
ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោកមានបំណង «អំពាវនាវឱ្យមានការស៊ើបអង្កេតដ៏សំខាន់មួយលើបញ្ហានេះ»។ លោកនិយាយថា «បេក្ខជនមិនត្រូវបានអនុញ្ញាតឱ្យចំណាយប្រាក់សម្រាប់ ការគាំទ្រ ជាអ្វីដែល លោកស្រី Kamala Harris បានធ្វើ ក្រោមការបង្ហាញថាជាការចំណាយប្រាក់សម្រាប់ការកម្សាន្ត» ។