អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹង «យកតំបន់ហ្កាហ្សាទាំងមូលមកគ្រប់គ្រង» ខណៈ បានបង្កើនការវាយលុកនៅទូទាំងដែនដីនេះ ជាកន្លែងដែលជំនួយបានចូលមកជាលើកដំបូងក្នុងរយៈពេលជាងពីរខែមកនេះ បន្ទាប់ពីការបន្ធូរបន្ថយការបិទផ្លូវ។

ដោយការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ ត្រូវបានរារាំងដោយអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២ ខែមីនា អង្គការសុខភាពពិភពលោកបានព្រមានថា «មនុស្សពីរលាននាក់នៅតំបន់ហ្កាហ្សា កំពុងស្រេកឃ្លាន»។

អ៊ីស្រាអែល ដែលប្រឈមការរិះគន់កាន់តែខ្លាំងឡើងជុំវិញវិបត្តិមនុស្សធម៌ បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យមានជំនួយត្រូវបានកំណត់ឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា និងបាននិយាយថា រថយន្តដឹកជំនួយចំនួន៥គ្រឿងដំបូងបានចូលទៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ ដោយដឹកគ្រឿងផ្គត់ផ្គង់ រួមមានទាំងអាហារសម្រាប់ទារក។
នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានលើកឡើងពី «ហេតុផលជាក់ស្តែង និងផ្នែកការទូត» សម្រាប់ការចាប់ផ្តើមជំនួយឡើងវិញ ដោយនិយាយថា «រូបភាពនៃភាពអត់ឃ្លានទ្រង់ទ្រាយធំ» អាចធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ីស្រាអែល។

មេដឹកនាំចក្រភពអង់គ្លេស បារាំង និងកាណាដា បានចេញការថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើរបស់អ៊ីស្រាអែលក្នុងសង្គ្រាម ដោយបានរិះគន់ខ្លាំងៗចំពោះ «សកម្មភាពដ៏អាក្រក់» របស់ប្រទេសនេះនៅក្នុងតំបន់ហ្កាហ្សា ជាពិសេសការវាយលុកដែលបានពង្រីក និងការបន្តផ្តល់ជំនួយមិនគ្រប់គ្រាន់។
ប្រទេសចំនួន២២ប្រទេស រួមមានប្រទេសបារាំង អង់គ្លេស កាណាដា ជប៉ុន និងអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ប្រជាជននៅតំបន់ហ្កាហ្សា «ប្រឈមភាពស្រេកឃ្លាន» និង «ត្រូវតែទទួលបានជំនួយដែលពួកគេត្រូវការយ៉ាងខ្លាំង»។