ប្រមុខអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ ទី១៩ ឧសភា បានជំរុញឱ្យប្រទេសនានា អនុម័តនៅសប្តាហ៍នេះនូវកិច្ចព្រមព្រៀងជំងឺរាតត្បាត ក្នុងគោលបំណងការពារការកើតមានម្តងទៀតនៃវិបត្តិ ជំងឺ COVID-19 ។

រដ្ឋជាសមាជិករបស់អង្គការសុខភាពពិភពលោក កំពុងបើកសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំរបស់ខ្លួន ជាការជួបប្រជុំនៃស្ថាប័នធ្វើសេចក្តីសម្រេចចិត្តរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ។ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា «នៅឯមហាសន្និបាតនេះ រដ្ឋជាសមាជិក នឹងពិចារណា ហើយសង្ឃឹមថានឹងអនុម័តកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក»។ នេះពិតជាពេលវេលាជាប្រវត្តិសាស្ត្រ។ បន្ទាប់ពីការចរចារយៈពេលជាងបីឆ្នាំ ឯកសារនៃកិច្ចព្រមព្រៀង ត្រូវបានបញ្ចប់ចុងក្រោយដោយការឯកភាពគ្នាកាលពីខែមុន។

សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចពិភាក្សា បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការជំរុញដំណើរការដកខ្លួនចេញរយៈពេលមួយឆ្នាំរបស់ប្រទេស ដើម្បីចាកចេញពីអង្គការសុខភាពពិភពលោក(WHO) ។

កិច្ចព្រមព្រៀងស្តីពីការការពារជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តដោយមហាសន្និបាតតនៅថ្ងៃអង្គារនេះ។ វាមានគោលបំណងក្នុងការរកឃើញ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកាន់តែប្រសើរ ដោយផ្តោតសំខាន់លើការសម្របសម្រួល និងការតាមដានជាអន្តរជាតិកាន់តែខ្លាំងឡើង និងលទ្ធភាពទទួលបានវ៉ាក់សាំង និងការព្យាបាលដោយស្មើរភាពគ្នា។