អាជ្ញាធររបស់ក្រសួងមហាផ្ទៃបាននិយាយថា យ៉ាងហោចណាស់សាកសពមនុស្សចំនួន ៥៨នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ (១៩ ឧសភា) នៅក្នុងបន្ទប់បង្កកសម្រាប់តម្កល់សពនៃមន្ទីរពេទ្យមួយកន្លែងឈ្មោះ Abu Salim Accidents Hospital ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពល នៅទីក្រុងទ្រីប៉ូលី (Tripoli) បន្ទាប់ពីមេដឹកនាំរបស់ក្រុមនោះត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ដែលនាំទៅដល់ការប៉ះទង្គិចយ៉ាងហិង្សា។

ការស៊ើបអង្កេតមួយកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់។ ក្រសួងបាននិយាយថា "មកទល់ពេលនេះ សាកសពចំនួន ២៣នាក់ ត្រូវបានពិនិត្យរួចហើយ ហើយនីតិវិធីច្បាប់ចាំបាច់ទាំងអស់ត្រូវបានធ្វើឡើង រួមទាំងការចងក្រងឯកសារទិន្នន័យ និងការប្រមូលសំណាក"។

គួរឱ្យដឹងថា តំបន់ Abu Salim គឺជាជម្រករបស់កងជីវពល SSA ដែលប្រធានក្រុមនេះឈ្មោះ Abdulghani Kikli ស្គាល់ជាទូទៅថា Ghaniwa ត្រូវបានសម្លាប់ក្នុងកាលៈទេសៈដែលមិនបានបញ្ជាក់កាលពីថ្ងៃចន្ទសប្ដាហ៍មុន។ ការស្លាប់របស់លោក Kikli បាននាំទៅដល់ការបរាជ័យភ្លាមៗនៃក្រុម SSA ក្នុងការប៉ះទង្គិចទល់នឹងក្រុមផ្សេងទៀតដែលគាំទ្ររដ្ឋាភិបាល។
សាកសពរាប់សិបនាក់ដែលរកឃើញកាលពីថ្ងៃចន្ទនេះ គឺជាសំណុំទីពីរនៃសពមិនស្គាល់អត្តសញ្ញាណដែលរកឃើញក្នុងប៉ុន្មានថ្ងៃថ្មីៗ។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្រុមមន្ត្រីនិយាយថា សាកសព ៩នាក់ ត្រូវរកឃើញនៅក្នុងទូរបង្កកតម្កល់សពមួយកន្លែងនៅក្នុងមន្ទីរពេទ្យ Al-Khadra ដែលក៏គ្រប់គ្រងដោយក្រុម SSA ផងដែរនៅក្នុងតំបន់ដដែលនោះ៕