ប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងបញ្ឈប់វិធានការរើសអើង បន្ទាប់ពីសហរដ្ឋអាមេរិក បានចេញការណែនាំព្រមានក្រុមហ៊ុននានាមិនឱ្យប្រើប្រាស់បន្ទះឈីបកុំព្យូទ័រទំនើបពីប្រទេសចិន រួមទាំងបន្ទះឈីប Ascend AI របស់ក្រុមហ៊ុន Huawei ។

សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការយល់ស្របគ្នា ដែលឈានដល់កិច្ចចរចាទ្វេភាគីកម្រិតខ្ពស់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅក្នុងខែនេះ ដោយប្តេជ្ញាថានឹងមានវិធានការណ៍ម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្ត ប៉ះពាល់ខ្លាំងដល់ផលប្រយោជន៍របស់ប្រទេសចិន។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំកាលពីសប្តាហ៍មុនដោយជូនដំណឹងដល់ធុរកិច្ចអំពីហានិភ័យនៃការរំលោភលើការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ដោយប្រើបន្ទះឈីបរបស់ចិន។
ក្រសួងចិនខាងលើបាននិយាយថា សហរដ្ឋអាមេរិកបានរំលោភលើវិធានការត្រួតពិនិត្យការនាំចេញ ដោយដាក់ការរឹតត្បិតយ៉ាងតឹងរ៉ឹងលើផលិតផលបន្ទះឈីបរបស់ចិន ក្រោមការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។
ប្រភពដដែលបានបន្ថែមថា ការព្យាយាមរាំងដំណើរអ្នកដ៏ទៃ នឹងមិនធ្វើឱ្យខ្លួនឯងរត់លឿននោះទេ ដោយព្រមានថាទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន អាចប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកឧស្សាហកម្ម របស់សហរដ្ឋអាមេរិកខ្លួនឯង៕