ព្យុះកួចជាច្រើនបន្ថែមទៀត បានបោកបក់កាត់ភាគកណ្តាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៩ ឧសភា) ហើយមនុស្សរាប់ម៉ឺននាក់ពុំមានថាមពលអគ្គិសនីប្រើប្រាស់ ខណៈប្រជាជនរាប់ចាប់ពីរដ្ឋ Texas ទៅកាន់រដ្ឋ Kentucky ទើបតែរួចផុតអាកាសធាតុដ៏ធ្ងន់ធ្ងរជាច្រើនថ្ងៃ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបំផ្លាញផ្ទះសម្បែង និងអគាររាប់ពាន់ខ្នង។

យ៉ាងហោចណាស់ព្យុះកួចចំនួន ៤ករណី ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Oklahoma និង Nebraska កាលពីល្ងាចថ្ងៃចន្ទ នេះបើយោងតាមរបាយការណ៍បឋមពីសេវាអាកាសធាតុជាតិ។ គេហទំព័រតាមដានការដាច់ចរន្តនៅអាមេរិក PowerOutage បានឱ្យដឹងថា អតិថិជនជិត ១៣០.០០០នាក់ ពុំមានថាមពលប្រើប្រាស់ទេនៅក្នុងរដ្ឋ Oklahoma, Arkansas, Missouri និង Kansas។

នៅទីក្រុង McAlester ភាគអាគ្នេយ៍នៃរដ្ឋ Oklahoma ក្រុមមន្ត្រីរាយការណ៍ថា ព្យុះបានបំផ្លាញបណ្ដាញខ្សែភ្លើង និងបង្កកម្ទេចកម្ទី ដោយផ្លូវជាច្រើនត្រូវបានបិទ ខណៈសាលារៀនរដ្ឋនៅក្រុង Tulsa បានលុបចោលសកម្មភាពក្រោយថ្នាក់រៀនទាំងអស់។ នៅភាគពាយព្យនៃរដ្ឋ Arkansas អាកាសធាតុធ្ងន់ធ្ងរបានធ្វើឱ្យការប្រគុំតន្ត្រីដ៏ធំមួយត្រូវបានលុបចោល។

កាលពីព្រឹកថ្ងៃចន្ទ ក្នុងក្រុង St. Louis ជាទីដែលក្រុមមន្ត្រីបានប៉ាន់ប្រមាណថា ព្យុះកួចដ៏កំណាចកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបំផ្លាញអគារចំនួន ៥.០០០កន្លែង ហើយអាចខាតបង់អស់ជាង ១ពាន់លានដុល្លារ អភិបាលក្រុងបានព្រមានថា ជំនួយសហព័ន្ធអាចត្រូវចំណាយពេលជាច្រើនសប្តាហ៍៕