គណបក្សជាតិ (NP) របស់ប្រទេសអូស្ត្រាលី បានបំបែកខ្លួនចេញពីដៃគូចម្រុះអភិរក្សនិយមរបស់ខ្លួនជាង ៦០ឆ្នាំ គឺគណបក្សសេរីនិយម (LP) ដោយលើកឡើងពីការខ្វែងគំនិតគ្នានៃគោលនយោបាយថាមពលកកើតឡើងវិញ និងបន្ទាប់ពីការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ក្រុមចម្រុះនៃបក្សប្រឆាំងទាំងនេះនៅក្នុងការបោះឆ្នោតជាតិក្នុងខែនេះ។

លោក David Littleproud មេដឹកនាំបក្ស NP បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃអង្គារ (២០ ឧសភា) នេះថា "ដល់ពេលហើយដែលត្រូវសម្រាក"។ លោកបន្តថា "បក្សរបស់លោកនឹងមិនចូលកិច្ចព្រមព្រៀងចម្រុះជាមួយគណបក្សសេរីនិយមឡើងវិញទេ បន្ទាប់ពីការបោះឆ្នោតនេះ" ដោយលើកឡើងពីការខ្វែងគំនិតគ្នាផ្នែកនយោបាយ។

ការបែកបាក់នេះបង្ហាញពីសម្ពាធលើគណបក្សអភិរក្សនិយមរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីបក្សការងារកណ្តាលនិយមឆ្វេងរបស់លោកនាយករដ្ឋមន្រ្តី Anthony Albanese បានឈ្នះអាណត្តិទីពីរជាប្រវត្តិសាស្ត្រ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែឧសភា ដែលគាំទ្រដោយម្ចាស់ឆ្នោតរិះគន់ប្រឆាំងនឹងគោលនយោបាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ក្រោមភាពជាដៃគូយូរអង្វែងនៅក្នុងនយោបាយរដ្ឋ និងសហព័ន្ធ ក្រុមចម្រុះនៃបក្សប្រឆាំងសេរីនិយម និងជាតិនិយម បានចែករំលែកអំណាចក្នុងជួររដ្ឋាភិបាល ដោយបក្ស NP តំណាងយ៉ាងទូលំទូលាយចំពោះផលប្រយោជន៍សហគមន៍ជនបទ និងក្រុមសេរីនិយម LP ប្រកួតប្រជែងលើអាសនៈនៅទីក្រុង៕