អ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់ប្រទេសជប៉ុន លោក Ryosei Akazawa បាននិយាយនៅថ្ងៃអង្គារ (២០ ឧសភា) នេះថា ពុំមានការផ្លាស់ប្ដូរនៅក្នុងគោលជំហររបស់ទីក្រុងតូក្យូនោះទេ ដែលទាមទារឱ្យសហរដ្ឋអាមេរិក លុបបំបាត់ពន្ធដែលបានដំឡើងរបស់ខ្លួន ក្នុងការចរចាពាណិជ្ជកម្មទ្វេរភាគី ដោយបន្ថែមថា ជប៉ុន មិនប្រញាប់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ ប្រសិនបើជំហាននេះអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេស។

លោក Akazawa បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំមួយថា "ពន្ធមួយចំនួនរបស់សហរដ្ឋអាមេរិក រួមទាំងពន្ធបដិការ ក៏ដូចជាពន្ធរថយន្ត គ្រឿងបន្លាស់រថយន្ត ដែកថែប និងអាលុយមីញ៉ូម គឺជារឿងគួរឱ្យសោកស្តាយណាស់"។ លោកបន្តថា "មិនមានការផ្លាស់ប្តូរឡើយចំពោះជំហររបស់ទីក្រុងតូក្យូ ក្នុងការស្វះស្វែងឱ្យពិនិត្យឡើងវិញ ដែលមានន័យថា ត្រូេះលុបបំបាត់ពន្ធដែលបានដំឡើងនោះ"។

កាលពីថ្ងៃទី០២ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធ ១០% លើគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោក លើកលែងតែកាណាដា ម៉ិកស៊ិក និងចិន រួមជាមួយនឹងអត្រាពន្ធខ្ពស់ៗសម្រាប់ដៃគូពាណិជ្ជកម្មធំៗជាច្រើន រួមទាំងប្រទេសជប៉ុនផងដែរ ដែលប្រឈមមុខនឹងអត្រាពន្ធ ២៤% ចាប់ផ្តើមនៅក្នុងខែកក្កដា ខាងមុខ ប្រសិនបើទីក្រុងតូក្យូ មិនអាចចរចារកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។

អ្នកបង្កើតគោលនយោបាយជប៉ុន និងសមាជិកសភាបក្សកាន់អំណាចបាននិយាយថា ពួកគេមើលឃើញថា មិនចាំបាច់ប្រញាប់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ លុះត្រាតែការពន្ធ ២៥% លើការនាំចូលរថយន្តត្រូវបានដកចេញជាមុនសិន ដោយសារសារៈសំខាន់សេដ្ឋកិច្ចនៃឧស្សាហកម្មមួយនេះ៕