ភ្លៀងធ្លាក់ខ្លាំងដែលបានធ្វើឱ្យអ្នកស្រុកនៅតំបន់ទំនាបក្នុងទីក្រុង Bengaluru នៃរដ្ឋ Karnataka របស់ប្រទេសឥណ្ឌា ជួបការលំបាកដោយសារទឹកជន់លិច និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ត្រូវគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ ទន្ទឹមនឹងនេះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានចេញការជូនដំណឹងពណ៌លឿងទុំ ដែលបង្ហាញពីភ្លៀងធ្លាក់ខ្លាំងពាសពេញរដ្ឋ។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរាយការណ៍នៅទូទាំងតំបន់ភាគច្រើនក្នុងទីក្រុង Bengaluru នៅចន្លោះល្ងាចថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ដោយបានកត់ត្រាកម្រិតទឹកភ្លៀង ១៣២មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតនៅទូទាំង រដ្ឋ Karnataka នៅពេលថ្ងៃ។ តំបន់ជាច្រើននៅទូទាំងទីក្រុងនេះ បានទទួលទឹកភ្លៀងជាង ១០០មីលីម៉ែត្រ។

ខណៈអាំងតង់ស៊ីតេនៃទឹកភ្លៀងត្រូវបានព្យាករណ៍ថានឹងថយចុះត្រឹមថ្ងៃអង្គារនេះនៅក្នុងស្រុកភាគខាងត្បូង រួមទាំងទីក្រុង Bengaluru នៅភាគខាងជើងរដ្ឋ Karnataka ការជូនដំណឹងពណ៌លឿងទុំនឹងត្រូវបានអនុវត្តរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ប្រទេសឥណ្ឌាដែលមានប្រជាជន១,៤ពាន់លាននាក់ ពឹងផ្អែកលើទឹកភ្លៀងដើម្បីផ្គត់ផ្គង់ប្រជាជនរបស់ខ្លួន ភាគច្រើនរស់នៅពឹងផ្អែកលើការធ្វើកសិកម្ម។
ទោះជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ខ្លាំងពេកអាចបណ្តាលឱ្យមានទឹកជំនន់ ជាពិសេសដោយសារតែប្រព័ន្ធបង្ហូរទឹកគ្មានគុណភាព៕
