វាយកូនគោល៖ ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីលើកទី៥ ឆ្នាំ២០២១ នឹងរៀបចំការប្រកួតនាថ្ងៃទី២៥ ខែធ្នូខាងមុខនេះនៅទីលានវាយកូនគោល Vattanac Golf Resort។ ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតនេះសហការរៀបចំដោយក្រសួងទេសចរណ៍ និងអគ្គស្នងការនគរបាលជាតិជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ពិធីរំលឹកខួបវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងខួបលើកទី២៣ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកឯក សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ ចំពោះវិញ្ញាសាប្រកួតត្រូវបានបែងចែកជា ២គឺវិញ្ញសាជាក្រុម និងវិញ្ញាសាឯកត្តជនសម្រាប់បុរស និងនារី ដោយប្រើប្រាស់ទីលានទាំង ២ របស់ទីលានវាយកូនគោល Vattanac Golf Resort ជាមួយវត្តមានថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាច្រើនចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ៕
អត្ថបទ៖ លី ឈុនឡា