ប្រមុខកងទ័ពស៊ូដង់លោក Abdel Fattah Al-Burhan កាលពីថ្ងៃចន្ទ បានតែងតាំងអតីតមន្ត្រីអង្គការសហប្រជាជាតិលោក Kamil Idris ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ បន្ទាប់ពីសង្រ្គាមដ៏ឃោរឃៅរយៈពេលជាង ២ឆ្នាំ
លោក Idris ដែលជាអ្នកការទូតអាជីព និងជាបេក្ខជនប្រធានាធិបតីពីមុន គឺជាអគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោករបស់អង្គការសហប្រជាជាតិ និងបានបម្រើការនៅក្នុងបេសកកម្មអចិន្ត្រៃយ៍របស់ ស៊ូដង់ ប្រចាំអង្គការសហប្រជាជាតិផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ស៊ូដង់ បានឲ្យដឹងថា៖«ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព បានចេញក្រឹត្យរដ្ឋធម្មនុញ្ញតែងតាំងលោក Kamil Idris ជានាយករដ្ឋមន្ត្រី»។
ក្នុងឆ្នាំ ២០១០ លោក Idris បានឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីប្រជែងជាមួយមេដឹកនាំរដ្ឋ ឥស្លាមនិយមដែលកាន់អំណាចយូរលោក Omar Al-Bashir។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក សង្រ្គាមនៅស៊ូដង់ បានជំរុញកងកម្លាំងទ័ពរបស់លោក Burhan ប្រឆាំងនឹងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស ដែលដឹកនាំដោយអតីតអនុប្រធានរបស់ខ្លួន លោក Mohamed Hamdan Dagalo។
ជម្លោះនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជម្លៀស ១៣ លាននាក់ និងបានបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិពិពណ៌នាថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។
